(ប៉េកាំង)៖ រដ្ឋមន្ត្រីការពារជាតិចិនបានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រសិនបើមានការចាំបាច់ កងទ័ពចិនដែលឈរជើងនៅហុងកុងអាចនឹងចូលធ្វើអន្តរាគមន៍ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈឡើងវិញ នៅទីក្រុងសេដ្ឋកិច្ចកំពូលរបស់តំបន់អាស៊ីនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩។
តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិចិនលោក វូ កៀន Wu Qian បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំងបាននិងកំពុងតាមដានការវិវត្តន៍ព្រឹត្តិការណ៍ នៅក្នុងទីក្រុងហុងកុងយ៉ាងហ្មត់ចត់ជាទីបំផុត ជាពិសេសហេតុការណ៍នានា ដែលបានកើតឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន នៅពេលពួកបះបោរមួយក្រុម បានបំផ្លាញការិយាល័យទំនាក់ទំនងចិននៅទីក្រុងហុងកុង។
ជំវិញបញ្ហាខាងលើនេះដែរ លោក Wu Qain បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «នាយកដ្ឋានពាក់ព័ន្ឋបានបកស្រាយរួចហើយជុំវិញរឿងនេះ ដោយសកម្មភាពនេះ (ការបំផ្លាញការិយាល័យទំនាក់ទំនងចិននៅទីក្រុងហុងកុង) ជាទង្វើប្រឆាំងនឹងសិទ្ធិអំណាចរបស់រដ្ឋាភិបាលកណ្តាល (ប៉េកាំង) និងប្រឆាំងនឹងគោលការណ៍ប្រទេសមួយប្រព័ន្ធដឹកនាំពីរ ដូច្នេះពួកគេមិនអាចត្រូវអត់ឱនឲ្យបានទេ»។
ឆ្លើយតបចំពោះសំនួរអំពីចំណាត់ការរបស់ទីក្រុងប៉េកាំងវិញ អ្នកនាំពាក្យខាងលើបានគូសបញ្ជាក់យ៉ាងខ្លីថា «ចិនមានបទបញ្ញតិច្បាស់លាស់ណាស់ទាក់ទិនរឿងនេះ។ នៅក្នុងផ្នែក ៣ នៃមាត្រា ១៤ របស់ច្បាប់សន្តិសុខរួមចិន-ហុងកុងបានបញ្ជាក់ច្បាស់ថា ហុងកុងអាចស្នើសុំជំនួយពីប្រទេសចិន នៅក្នុងករណីចាំបាច់... ក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និងជួយសង្រ្គោះគ្រោះមហន្តរាយជាដើម»។
គួរជម្រាបថា ក្រោយរដ្ឋាភិបាលទីក្រុងហុងកុងបានប្រកាសសេចក្តីព្រាងច្បាប់ ស្តីអំពីធ្វើបត្យាប័នជនជសង្ស័យទៅកាន់ចិនដីគោក ដើម្បីកាត់ទោសនោះ មហាបាតុកម្មបែបហិង្សាបានផ្ទុះឡើង និងអូសបន្លាយជាបន្តបន្ទាប់ដើម្បីប្រឆាំងនឹងច្បាប់នេះ។ ដើម្បីរំងាប់កំហឹងប្រជាជនទីក្រុងហុងកុង មេដឹកនាំលោកស្រី ខារី ឡាំ (Carrie Lam) បានសម្រេចចិត្តលុបច្បាប់នេះចោល ប៉ុន្តែទោះជាបែបនេះក្តីក៏ក្រុមបាតុករហាក់មិនសុខចិត្ត និងចង់ឲ្យអភិបាលក្រុងរូបនេះចុះចេញពីតំណែងតែម្តង៕