(ស៊ីដនី)៖ សប្តាហ៍នេះអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់ នៅប្រទេសអូស្រ្តាលី បាននាំគ្នាចែកចាយរូបភាពនៃ «ពន្លឺចម្លែក» ដែលលេចឡើងនៅលើមេឃ និងមានការសង្ស័យអំពីប្រភពដើមរបស់វាថាមកពីអ្វីឲ្យប្រាកដ។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មាន Sputnik នាល្ងាចថ្ងៃពុធ ទី២៤ ខែកក្តដា ឆ្នាំ ២០១៩។
ប្រជាជនអូស្រ្តាលីបាននាំគ្នាភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេបានប្រទះឃើញ ពន្លឺភ្លឺចិញ្ចាចនៅលើផ្ទៃមេឃពេលរាត្រីក្នុងរដ្ឋ Queensland និងរដ្ឋ Northern Territories។ តែទោះជាយ៉ាងណា អ្នកជំនាញបានបកស្រាយថា អព្ភូតហេតុដែលធ្វើឲ្យប្រជាពលរដ្ឋអូស្រ្តាលី រាប់សិបនាក់ខាងលើឆោឡោបែបនេះ គឺគ្មានអ្វីគួរឲ្យចម្លែកនោះ ហើយក៏គ្មានអ្វីជាអាថ៌កំបាំងនោះដែរ ពីព្រោះបាតុភូតនេះកើតឡើង គឺបណ្តាលមកពីបេសកកម្មបាញ់យានអវកាស ឆ្ពោះទៅកាន់ឋានព្រះច័ន្ទរបស់ឥណ្ឌាប៉ុណ្ណោះ ដែលបានប្រព្រឹត្តទៅដោយជោគជ័យ កាលពីរសៀលថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅឥណ្ឌា) ត្រូវហ្នឹងខ្ទង់ម៉ោង ៧៖៣០នាទីយប់នៅអូស្ត្រាលី។
គួរបញ្ចាក់ថា នៅពេលនេះ បេសកកម្ម Chandrayaan-2 របស់ឥណ្ឌា កំពុងបន្តធ្វើដំណើរឆ្ពោះទៅរកព្រះច័ន្ទ ដែលគ្រោងនឹងទៅដល់ក្នុងពេលប្រមាណ ០៧សប្តាហ៍ទៀត។ ប្រសិនណាបើបេសកកម្មនេះ អាចចុះចតបានជោគជ័យនោះ វានឹងធ្វើឱ្យឥណ្ឌាក្លាយជាប្រទេសទី ៤ បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី និងចិន ដែលបានចុះចតយានរបស់ខ្លួនលើផ្ទៃព្រះច័ន្ទ៕