(ម៉ិចស៊ីកូស៊ីធី)៖ បើតាមក្រុមអ្នកវិភាគម៉ិចស៊ីកូ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺកំពុងតែប្រើប្រាស់ចំណុចខ្សោយធំមួយរបស់ប្រទេសម៉ិចស៊ីកូ នោះគឺការពឹងផ្អែកលើការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ទៅលើកកម្ពស់នយោបាយប្រឆាំងជនអន្តោប្រវេសន៍របស់លោក ជាមួយគោលដៅស្វែងរកសំឡេងគាំទ្រក្នុងប្រទេស ដើម្បីជាប់ឆ្នោតនៅអាណត្តិទីពីរទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩។

កន្លងមកនេះលោក ដូណាល់ ត្រាំ បានព្រមានដំឡើងពន្ធលើទំនិញនាំចូលពីម៉ិចស៊ីកូ ប្រសិនបើប្រទេសជិតខាងខ្លួនមួយនេះ មិនប្រើប្រាស់ចំណាត់ការក្តៅ ដើម្បីទប់ស្កាត់លំហូរជនភៀសខ្លួន មកពីតំបន់អាមេរិកកណ្តាល ដែលឆ្ពោះទៅរកព្រំដែនសហរដ្ឋអាមេរិកទេនោះ។ ក្រោយមកចាប់តាំងពីប្រទេសទាំងពីរបានចរចា និងសម្រេចបានកិច្ចព្រមព្រៀងមួយ​ស្តីពីបញ្ហានេះ ជនជន្តោប្រវេសន៍ជាច្រើននាក់​ត្រូវបានឃុំខ្លួននៅម៉ិចស៊ីកូ។

បើតាមក្រុមអ្នកជំនាញម៉ិចស៊ីកូ កិច្ចព្រមព្រៀងខាងលើត្រូវសម្រេចបាន ដោយអាមេរិកមានប្រៀបខ្ពស់ជាងម៉ិចស៊ីកូ ព្រោះតែអាមេរិកដឹងថា ការដំឡើងពន្ធរបស់ខ្លួន​លើទំនិញគ្រប់មុខរបស់ប្រទេសម៉ិចស៊ីកូ ដែលមានសេដ្ឋកិច្ចពឹងផ្អែកធំធេង លើការនាំចេញផលិតផលទៅកាន់សហរដ្ឋអាមេរិក នឹងបង្ខំឲ្យម៉ិចស៊ីកូគ្មានជម្រើសអ្វី ក្រៅតែយល់ព្រមចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ទាំងភ័យខ្លួននោះឡើយ។

គួរជម្រាបថា បើតាមរបាយការណ៍ថ្មីៗនេះ អាជ្ញាធរម៉ិចស៊ីកូបានចាប់ឃុំខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ជិត ៣០,០០០នាក់ កាលពីកំឡុងខែមិថុនា។ វាគឺជាតួលេខប្រចាំខែច្រើនបំផុតមិនធ្លាប់មានឡើយ គិតចាប់តាំងពីឆ្នាំ២០០១។ អ្នកជំនាញនៅម៉ិចស៊ីកូបានគូសបញ្ជាក់ថា ខណៈលោក ត្រាំ បានបំប៉ោងវិបត្តិជនអន្តោប្រវេសន៍ ដើម្បីបម្រើផលប្រយោជន៍នយោបាយរបស់ខ្លួន ក្រោមគោលដៅឆ្ពោះទៅរកការទទួលជ័យជម្នះម្តងទៀត ក្នុងការបោះឆ្នោតឆ្នាំ២០២០ ខាងមុខ ម៉ិចស៊ីកូបានក្លាយខ្លួនដូចជាជញ្ជាំងយក្សដ៏ធំមួយ ដែលលោក ត្រាំ ចង់កសាងឡើង ដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍យ៉ាងដូច្នោះ៕