(ព្រុចសែល)៖ សហភាពអឺរ៉ុបបានបង្ហើបពីគម្រោងឆ្លើយតបទៅវិញ ប្រសិនបើសហរដ្ឋអាមេរិកសម្រេចយកពន្ធអត្រា ២៥ភាគរយ លើរថយន្តដែលនាំចូលពីអឺរ៉ុបដូចផែនការកន្លងមកពិតមែននោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៩។

ឧត្តមស្នងការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប លោកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmstrom) នាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅទីក្រុងព្រុចសែល) បានលើកឡើងនៅចំពោះមុខសភាសហភាពអឺរ៉ុបថា ក្នុងករណីដែលទីក្រុងវ៉ាស៊ីនតោនយកពន្ធ «២៥ភាគរយ» លើរថយន្តអឺរ៉ុបនោះ EU នឹងដំឡើងពន្ធលើទំនិញអាមេរិកវិញ ដែលគិតជាទំហំទឹកប្រាក់ស្មើនឹង ៣៥ពាន់លានអឺរ៉ូ ឬ ៣៩.១ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែលោកស្រី Malmstrom បានបង្ហាញក្តីសង្ឃឹមថា វានឹងមិនឈានដល់ដំណាក់កាលនោះឡើយ។

គួរជម្រាបថា ចាប់តាំងពីឡើងកាន់អំណាចមក រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដើរលើគោលនយោបាយដែលលោកផ្ទាល់គិតថា ជាច្រើនឆ្នាំកន្លងទៅនេះ គឺអាមេរិកបានចាញ់ប្រៀបក្នុងការធ្វើពាណិជ្ជកម្មជាមួយ ដៃគូធំៗរបស់ខ្លួនដូចជាប្រទេសចិន ជប៉ុន និងសហភាពអឺរ៉ុបជាដើម ដូច្នេះលោកត្រូវតែស្តារឱនភាពសេដ្ឋកិច្ចអាមេរិកឡើងវិញ តាមរយៈការបង្កសង្រ្គាមដំឡើងពន្ធ។

បច្ចុប្បន្នការដំឡើងពន្ធដាក់គ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ត្រូវបានផ្អាកបណ្តោះអាសន្នជាថ្មីម្តងទៀត ក្រោយការជួបមុខគ្នារវាងលោក ត្រាំ និងលោក ស៊ី ជិនពីង ក្នុងកិច្ចប្រជុំកំពូល G20 នៅជប៉ុនកាលពីខែមិថុនា។ ជាមួយគ្នានេះគម្រោងយកពន្ធ ២៥ភាគរយលើរថយន្ត ក៏ដូចជាគ្រឿងបន្លាស់រថយន្ត ដែលនាំចូលពីសហភាពអឺរ៉ុប និងជប៉ុន ក៏ត្រូវបានពន្យារពេលដែរ ខណៈកិច្ចចរចាត្រូវបានរៀបចំធ្វើឡើង៕