(វ៉ាស៊ីនតោន)៖ អតីតទាហានអាមេរិក លោក Mark Esper បានស្បថចូលកាន់តំណែងជា រដ្ឋមន្ត្រីការពារជាតិអាមេរិកជាផ្លូវការហើយ នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្រោយត្រូវបានព្រឹទ្ធសភា អាមេរិកបោះឆ្នោតទទួលស្គាល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩។

លោក Mark Esper បានស្បថចូលកាន់តំណែងនៅឯសេតវិមាន ចំពោះមុខចៅក្រមតុលាការ កំពូលអាមេរិក លោក Samuel Alito ក្រោមការចូលរួមផងដែរពីលោកប្រធានាធិបតី ដូណាល់ ត្រាំ និងតំណាងរាស្ត្រមួយចំនួននៃគណបក្សសាធារណរដ្ឋ។ លោក Esper ត្រូវបានព្រឹទ្ធសភា បោះឆ្នោតគាំទ្រក្នុងសំឡេង ៩០ ទល់នឹង៨ ហើយការទទួលស្គាល់នេះបានធ្វើឱ្យលោកក្លាយជា ប្រមុខមន្ទីរបញ្ចកោណជាអចិន្ត្រៃយ៍លើកដំបូងបំផុត ចាប់តាំងពីលោក Jim Mattis លាលែង ចេញពីតំណែងកាលពីខែធ្នូ ឆ្នាំ២០១៨ មក៕

គួរបញ្ជាក់ថា លោក Mark Esper មានអាយុ៥៥ឆ្នាំ បានឡើងកាន់តំណែងជា រដ្ឋមន្ត្រីការពារជាតិអាមេរិកស្ដីទី ជំនួសលោក Patrick Shanahan ដែលបានលាលែងចេញពី តំណែងកាលពីខែមិថុនា កន្លងទៅ។ ប៉ុន្តែ លោក Esper នៅមានការងារធំៗជាច្រើន កំពុង រង់ចាំរូបលោកដោះស្រាយ ជាពិសេសគឺភាពតានតឹងជាអ៊ីរ៉ង់តែម្ដង៕