(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ យន្តហោះយោធារុស្ស៊ីមួយគ្រឿង បានហោះរំលោភចូលដែនអាកាសប្រទេសកូរ៉េខាងត្បូងនៅតំបន់សមុទ្រ ខាងកើត ដល់ទៅពីរលើកនាថ្ងៃអង្គារនេះ ដែលជាហេតុបង្ខំឲ្យទ័ពអាកាសកូរ៉េខាងត្បូង ចល័តយន្តហោះចម្បាំង របស់ខ្លួនជាបន្ទាន់ និងបាញ់ព្រមានលើយន្តហោះរុស្ស៊ីថែមទៀត៕
២៖ មេដឹកនាំកំពូលផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះធ្វើអធិការកិច្ច និងត្រួតពិនិត្យនាវុជទឹកដ៏ថ្មី សន្លាងមួយគ្រឿង បន្ទាប់ពីទីក្រុងព្យុងយ៉ាងព្រមានថា សមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅខែសីហា ខាងមុខនេះ អាចនឹងឱ្យប៉ះពាល់ជាអវិជ្ជមានដល់កិច្ចចរចានុយក្លេអ៊ែរ៕
៣៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ជនយីង (Hua Chunying) បានចេញមុខចោទប្រកាន់ មន្ត្រីអាមេរិកត្រង់ៗថា ជាអ្នកនៅពីក្រោយអំពើបាតុកម្មយ៉ាងហិង្សា នៅទីក្រុងហុងកុងថែមទាំងបានណែនាំឱ្យដក «បាតដៃខ្មៅ» របស់អ្នក (អាមេរិក) ចេញពីទឹកដីហុងកុងជាបន្ទាន់៕
៤៖ ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី និងចិន គ្រោងជួបប្រជុំគ្នាជាមួយអ៊ីរ៉ង់ នៅទីក្រុងវីយែន ប្រទេសអូទ្រីស នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីពិភាក្សារកវិធីស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ឆ្នាំ២០១៥ (JCPOA) ដែលជិតក្សិនក្ស័យក្រោយអាមេរិក ប្រកាសដកខ្លួនចេញ កាលពីឆ្នាំ២០១៨ ហើយកិច្ចប្រជុំនាពេលខាងមុខនេះ ក៏ត្រូវបានគេអះអាងផងដែរថា នឹងគ្មានវត្តមានសហរដ្ឋអាមេរិក ចូលរួមនោះឡើយ៕
៥៖ លោក Boris Johnson ដែលបានសន្យាថានឹងនាំអង់គ្លេសចាកចេញពី សហភាពអឺរ៉ុប (Brexit) នឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ជំនួស លោកស្រី Theresa May បន្ទាប់ពីទទួលបានជ័យម្នះក្នុងការបោះឆ្នោតនៃគណបក្ស អភិរក្សនិយម៕
៦៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថាកំពុងដាក់ឱ្យដំណើរការនូវ បទបញ្ជាថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យអាជ្ញាធរអាមេរិក អាចបណ្ដេញជនអន្តោប្រវេសន៍ចេញពីទឹកដីមហាអំណាច ចំរុះជាតិសាសន៍មួយនេះ ដោយមិនចាំបាច់ឆ្លងកាត់ប្រព័ន្ធតុលាការ៕