(ឡុងដ៍)៖ លោក Boris Johnson ដែលបានសន្យាថានឹងនាំអង់គ្លេសចាកចេញពី សហភាពអឺរ៉ុប (Brexit) នឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ជំនួស លោកស្រី Theresa May បន្ទាប់ពីទទួលបានជ័យម្នះក្នុងការបោះឆ្នោតនៃគណបក្ស អភិរក្សនិយម។
លោក Johnson ដែលជាបេក្ខជនម្នាក់ទទួលបានការគាំទ្រពីលោក ដូណាល់ ត្រាំ ផងនោះ នៅថ្ងៃអង្គារនេះ បានយកឈ្នះគូប្រជែងរបស់លោក គឺលោក Jeremy Hunt ដោយទទួលបានសំឡេងឆ្នោត៩២,១៥៣ សន្លឹក ទល់នឹង ៤៦,៦៥៦ សន្លឹក។
គួរជម្រាបថា តាមរយៈជ័យជម្នះនេះ លោក Boris Johnson ក៏នឹងក្លាយមេដឹកនាំ គណបក្សអភិរក្សនិយម និងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ជំនួសលោកស្រី Theresa May ដែលនឹងត្រូវលាលែងចេញពីតំណែងនៅថ្ងៃពុធ ស្អែកនេះ។
* លោក Boris Johnson ជានរណា?
លោក Boris Johnson មានឈ្មោះពេញ Alexander Boris de Pfeffel Johnson កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៦៤ ក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ ប៉ុន្តែ លោក ត្រូវបានគេរាយការណ៍ថាបានបោះបង់ចោលសញ្ជាតិ្តអាមេរិក កាលពីឆ្នាំ២០១៦។
លោក Johnson ទទួលបានការបណ្ដុះបណ្ដាលពីសាលា Eton College, Balliol College និងសាកលវិទ្យាល័យ Oxford។ លោកបានចាប់ផ្ដើមអាជីពដំបូងជា អ្នកកាសែតបម្រើការឱ្យសារព័ត៌មាន Times of London រហូតដល់ត្រូវបានគេបណ្ដេញ ពីតំណែងក្នុងឆ្នាំ១៩៨៨ ដោយសារតែប្រឌិតសម្រង់សម្ដីមួយយកមកចុះផ្សាយ។
យ៉ាងណាក៏ដោយ លោក Johnson មិនបានបង់បោះអាជីពជាអ្នកសែតឡើយ ដោយ បន្តធ្វើជាអ្នករាយការណ៍ឱ្យសារព័ត៌មាន Telegraph ប្រចាំទីក្រុងព្រុចសែល ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៤។
លោក Johnson បានក្លាយជាសមាជិកសភានៃគណបក្សអភិរក្សនិយមក្នុងឆ្នាំ២០០១ ហើយឆ្នាំ២០០៨ លោកបានជាប់ឆ្នោតធ្វើជាអភិបាលទីក្រុងឡុងដ៍ និងចុងក្រោយបំផុត លោកត្រូវបានលោកស្រី Theresa May តែងតាំងជារដ្ឋមន្ត្រីការបរទេសអង់គ្លេស (ពីឆ្នាំ២០១៦ ដល់ខែកក្កដា ឆ្នាំ២០១៨)។
* ជាប់ឆ្នោតចំពេលមានបញ្ហាធំៗជាច្រើនកំពុងរង់ចំា
លោក Johnson ត្រូវបានគេរំពឹងថានឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ក្រោយលោកស្រី May លាលែងចេញពីតំណែងជាផ្លូវការនៅថ្ងៃពុធ ស្អែកនេះ ដោយ លោកស្រីបន្សល់ទុកបញ្ហាធំជាច្រើនដូចជា Brexit, ការបែកបាក់ផ្ទៃក្នុងបក្សអភិរក្ស និងភាពតានតឹងជាមួយអ៊ីរ៉ង់ ជុំវិញការរឹបអូសកប៉ាល់ដោតទង់ជាតិអង់គ្លេសជាដើម។
លោក Johnson គឺជាមនុស្សដែលចង់នាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ហើយក៏ជា បេក្ខជនម្នាក់ដែលទទួលបានការគាំទ្រពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ។ លោកបានដឹកនាំយុទ្ធនាការឃោនា Brexit នៅឆ្នាំ២០១៦ ហើយសន្យារហូត មកទល់បច្ចុប្បន្នថា នឹងយកអង់គ្លេសចេញពីសហភាពអឺរ៉ុប ទោះជាមាន ឬមិនមាន កិច្ចព្រមព្រៀងលែងជាមួយប្លុកអឺរ៉ុបនេះក៏ដោយ ខណៈកាលបរិច្ឆេទ Brexit នឹងផុត កំណត់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។
ការប្រកាន់គោលជំហរម៉ឺងម៉ាត់នេះឯង បានបង្កឱ្យមានភាពល្អក់កករជាមួយលោកស្រី May និងសមាជិកបក្សអភិរក្សនិយមខ្លះដែលអះអាងថា ពួកគេនឹងលាលែងពីតំណែង បើលោក Johnson ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអង់គ្លេស។
លើសពីនេះទៅទៀត ក្រៅតែពីបញ្ហាក្នុងប្រទេស អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស រូបនេះក៏នឹងត្រូវដោះស្រាយជាមួយអ៊ីរ៉ង់ ផងដែរ ជុំវិញការរឹបអូសកប៉ាល់ដោតទង់ជាតិ អង់គ្លេស ដោយកងកម្លាំងអ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz កាលពីសុក្រសប្ដាហ៍មុន៕