ប្រទេសធំៗនឹងជួបប្រជុំគ្នានៅអូទ្រីស «ដើម្បីរកវិធីស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់» ប៉ុន្តែសហរដ្ឋអាមេរិកនឹងមិនចូលរួមទេ
23-07-2019 18:23
(អឺរ៉ុប)៖ ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី និងចិន គ្រោងជួបប្រជុំគ្នាជាមួយអ៊ីរ៉ង់ នៅទីក្រុងវីយែន ប្រទេសអូទ្រីស នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីពិភាក្សារកវិធីស្រោចស្រង់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ (JCPOA) ដែលជិតក្សិនក្ស័យក្រោយអាមេរិក ប្រកាសដកខ្លួនចេញ កាលពីឆ្នាំ២០១៨ ហើយកិច្ចប្រជុំនាពេលខាងមុខនេះ ក៏ត្រូវបានគេអះអាងផងដែរថា នឹងគ្មានវត្តមានសហរដ្ឋអាមេរិកចូលរួមនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ Reuters នាល្ងាចថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩។
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ JCPOA ត្រូវបានអន្តរជាតិស្វាគមន៍យ៉ាងខ្លាំង កាលពីចុងឆ្នាំ២០១៥ ហើយវាក៏ត្រូវបានចាត់ទុកជាមរតកដ៏ធំ នៃអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា និងមហាអំណាចធំៗរបស់អន្តរជាតិផងដែរ ព្រោះវាបានបញ្ឈប់ការភ័យខ្លាច ទៅលើកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរអ៊ីរ៉ង់។ ប៉ុន្តែក្រោយពីលោក ដូណាល់ ត្រាំ ឡើងកាន់អំណាច សហរដ្ឋអាមេរិកបានចោទប្រកាន់ថា អ៊ីរ៉ង់មិនដែលគោរពចំពោះ JCPOA នោះឡើយ ហើយកិច្ចព្រមព្រៀងនេះទៀតសោត បានធ្វើឲ្យអាមេរិកខាតបង់ប្រយោជន៍ជាខ្លាំង។ ហេតុដូច្នេះទើបលោក ត្រាំ សម្រេចចិត្តដកសហរដ្ឋអាមេរិក ចេញជាផ្លូវការនៅឆ្នាំ២០១៨។
គួរបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះត្រូវបានត្រៀមរៀបចំឡើង ដោយមានសំណើពី ប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស និងអ៊ីរ៉ង់ផ្ទាល់។ ប្រទេសជាភាគីហត្ថលេខីទាំង ៥ (គ្មានអាមេរិក) និងរិះរកវិធី ដើម្បីស្រោចស្រង់កិច្ចព្រមព្រៀង JCPOA ឡើងវិញ តាមរយៈការពិភាក្សាលម្អិតទៅលើ បញ្ហាស្នូល និងដំណោះស្រាយដែលអាចធ្វើទៅរួច៕