(អ៊ីតាលី)៖ បិតាស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei លោក រិន ចេងហ្វៃ (Ren Zhengfei) បានបញ្ជាក់ថា ក្រុមហ៊ុនលោកស្ម័គ្រចិត្តជានិច្ច ដើម្បីចុះកិច្ចព្រមព្រៀងជាមួយប្រទេសនានាស្តីពីការធានាថា នឹងគ្មានការលួចបង្កប់គ្រឿងសម្រាប់តាមដានសម្ងាត់ (backdoor) នៅក្នុងរាល់ ផលិតផលបច្ចេកវិទ្យារបស់ Huawei ឡើយជាពិសេសគឺឧបករណ៍ 5G នោះតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩។
លោក Ren បានលើកឡើងដូចខាងលើនេះ ក្នុងឱកាសផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មានអ៊ីតាលី អ៊ីលសូល ២៤ អ័រ (Il Sole 24 Ore) ដោយលោកបានគូសបញ្ជាក់ថា «យើងអាចចុះកិច្ចព្រមព្រៀងស្តីពីការធានាគ្មាន backdoor ជាមួយប្រទេសណាក៏បានដែរ »។ កាលពីខែមិថុនាកន្លងទៅ នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំនៅប្រទេសឥណ្ឌា ធ្លាប់បានបញ្ជាក់ថា Huawei រីករាយជានិច្ចក្នុងការចុះកិច្ចព្រមព្រៀងស្រដៀងគ្នានេះ ជាមួយរដ្ឋាភិបាលឥណ្ឌា ខណៈឥណ្ឌាបានប្រកាសថា នឹងដាក់ដំណើរការសាកល្បង បណ្តាញសេវា 5G ក្នុងពេលឆាប់ៗខាងមុខ។
គួរជម្រាបថា កិច្ចព្រមព្រៀងធានាគ្មាន backdoor នេះគឺក្រុមហ៊ុន Huawei អនុញ្ញាតឲ្យភាគីម្ខាងទៀត «ដាក់បម្រាមជាអចិន្ត្រៃយ៍មកលើខ្លួនតែម្តង» ប្រសិនបើ Huawei ធ្វើឲ្យមានការលេចធ្លាយផ្នែកប្រព័ន្ធសុវត្ថិភាព ឬមានការលួចតាមដានជាសម្ងាត់ណាមួយ ។ កត្តាដែលជំរុញឲ្យក្រុមហ៊ុនបច្ចេកវិទ្យាចិនសុខចិត្តធ្វើបែបនេះ គឺព្រោះតែការចោទប្រកាន់ចង់បង្ខូចកេរ្តិ៍ឈ្មោះដោយអាមេរិក ដែលកន្លងមកតែងតែចោទថា ក្រុមហ៊ុន Huawei មានលួចបង្កប់គ្រឿងតាមដានសម្ងាត់ នៅក្នុងផលិតផលទូរគមនាគមន៍របស់ខ្លួន ដើម្បីជួយរដ្ឋាភិបាលចិនក្នុងការស៊ើបការណ៍សម្ងាត់លើប្រទេសដទៃ ដែលប្រើប្រាស់សម្ភារៈរបស់ Huawei បើទោះបីជា Huawei បានច្រានចោលការចោទប្រកាន់ជាដដែលៗ និងពុំមានភស្តុតាងជាក់ស្តែងណាមួយ ត្រូវបានរកឃើញក៏ដោយក្តី៕