Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខ្ញុំអនុញ្ញាតឱ្យចិនចូលនេសាទក្នុងដែនទឹកហ្វីលីពីន ដើម្បីបង្ការសង្រ្គាមប៉ុណ្ណោះ, នេះបើតាម លោក ឌូតឺតេ (Video inside)

23-07-2019 09:19

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបញ្ជាក់ជាថ្មីឡើងវិញថា សមុទ្រហ្វីលីពីនភាគខាងលិច គឺជាកម្មសិទ្ធិនៃប្រទេសរបស់លោក ហើយការអនុញ្ញាតឱ្យ ចិនចូលនេសាទក្នុងតំបន់នេះ មិនបានរំលោភលើរដ្ឋធម្មនុញ្ញឡើយ តែវាគ្រាន់តែជាការបង្ការ កុំឱ្យសង្រ្គាមផ្ទុះឡើងតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិហ្វីលីពីន នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ឌូតឺតេ បានលើកឡើងដូច្នេះថា៖ «ជាការពិតណាស់ យើងគឺជាម្ចាស់តំបន់សមុទ្រហ្វីលីពីន ភាគខាងលិច ប៉ុន្តែបច្ចុប្បន្ន ចិនកំពុងគ្រប់គ្រងតំបន់មួយនេះ ជាទីដែលពួកគេបានដាក់ពង្រាយ មីស៊ីលអាចបានដល់ទីក្រុងម៉ានីល ក្នុងពេលតែ៧នាទីប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត បើលោក ស៊ី និយាយថា ខ្ញុំនឹងនេសាទនៅទីនោះ តើនរណាអាចឃាតគាត់បាន? ដូច្នេះហើយ ទើប ខ្ញុំអនុញ្ញាតឱ្យចិនចូលនេសាទ មុននឹងពួកគេបណ្ដេញអ្នកនេសាទរបស់យើងវិញ»

គួរជម្រាបថា សមុទ្រហ្វីលីពីនភាគខាងលិច គឺសំដៅទៅលើតំបន់មួយនៃសមុទ្រចិនខាងត្បូង ដែលជាប់ជាមួយឆ្នេរភាគខាងលិចរបស់ហ្វីលីពីន។ ទីក្រុងម៉ានីល បានដាក់ឈ្មោះតំបន់នេះ កាលពីឆ្នាំ២០១២ ក្នុងគោលបំណងអះអាងថាវាគឺជាដែនអធិបតេយ្យភាពហ្វីលីពីន៕