(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo នាថ្ងៃចន្ទនេះ បានច្រានចោលសេចក្តីប្រកាសរបស់ អ៊ីរ៉ង់ ដែលថាពួកគេចាប់បានគិញសម្ងាត់ចំនួន១៧នាក់ ដែលធ្វើការងារឲ្យទីភ្នាក់ងារចារកម្ម CIA របស់សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩។
ទីក្រុងតេហេរ៉ង់តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួន បានអះអាងថា បណ្តាញគិញសម្ងាត់នោះ ត្រូវបង្រ្កាបបានក្នុងចន្លោះពេល ១២ខែ គិតត្រឹមខែមីនា ឆ្នាំ២០១៩នេះ។ សេចក្តីប្រកាសបែបនេះក៏ធ្លាប់កើតដែរនៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែលើកនេះគឺចំពេលដែល អ៊ីរ៉ង់កំពុងមានភាពតានតឹងជាមួយប្រទេសលោកខាងលិច។ អ៊ីរ៉ង់ថែមទាំងបានបញ្ជាក់ថា ជនសង្ស័យមួយចំនួន ត្រូវបាន កាត់ទោសប្រហារជីវិតទៀតផង។
ជាការឆ្លើយតប លោក Pompeo បានលើកឡើងដូច្នេះថា «របបដឹកនាំអ៊ីរ៉ង់គឺមានប្រវត្តិនិយាយកុហក បំភ្លៃការពិតជាយូរណាស់ មកហើយ ដូច្នេះខ្ញុំមិនសូវខ្វល់និងមិនសូវជឿជាក់ប៉ុន្មាននោះឡើយ ចំពោះការអះអាងមួយចំនួនធំរបស់ទីក្រុងហេរ៉ង់»។
គួរជម្រាបថា ប្រទេសទាំងពីរកំពុងមានភាពតានតឹងជាមួយគ្នាខ្លាំង ជុំវិញបញ្ហាមួយចំនួន ជាពិសេសពាក់ព័ន្ធហេតុការណ៍កន្លងទៅ ថ្មីៗនេះ នៅឯតំបន់ច្រកសមុទ្រ Hormuz៕