(សិង្ហបុរី)៖ ការធ្លាក់ចុះយ៉ាងគំហុកនៃការនាំចេញផលិតផល និងកម្រិតកំណើនដ៏យឺត កំពុងបង្កជាក្តីព្រួយបារម្ភអំពីអនាគតសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី។ ប្រការនេះក៏បានធ្វើឲ្យក្រុមអ្នកវិភាគយល់ឃើញផងដែរថា វាអាចសញ្ញាយ៉ាងអវិជ្ជមានមួយសម្រាប់តំបន់អាស៊ីទាំងមូល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅយប់ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩។
ខណៈជាប្រទេសមានទំហំតូចមួយមែនពិត សិង្ហបុរីងាយនឹងរងផលប៉ះពាល់ជាខ្លាំងពីបញ្ហានៅខាងក្រៅ ហើយក៏ត្រូវបានចាត់ទុកជាឧបករណ៍សម្រាប់វាស់ស្ទង់នូវកម្រិតនៃតម្រូវការផលិតផល ក៏ដូចជាសេវាកម្មជាសកលផងដែរ។ ប្រទេសដ៏សម្បូររុងរឿងនេះ មានភាពពឹងអាស្រ័យធំធេងទៅលើការធ្វើពាណិជ្ជកម្ម ដែលជាទូទៅគឺជាតំបន់ដំបូងគេមួយ នៅអាស៊ីយើង ដែលត្រូវរងគ្រោះ ព្រោះតែវិបត្តិសេដ្ឋកិច្ចសកល ខណៈឥទ្ធិពលនៃផលប៉ះពាល់ទាំងនោះ នឹងបន្តសាយភាយពាសពេញតំបន់ទាំងមូលតែម្តងតាមក្រោយ។
ហេតុដូច្នេះសញ្ញាមិនល្អនៃសេដ្ឋកិច្ចរបស់សិង្ហបុរី អាចចាត់ទុកបានថា ជាក្តីព្រួយបារម្ភយ៉ាងសំខាន់សម្រាប់តំបន់អាស៊ីជារួម។ កាលពីខែមិថុនាកន្លងទៅ គេសង្កេតឃើញថា ការនាំចេញផលិតផលរបស់សិង្ហបុរី បានថយចុះដល់ទៅ១៧.៣ភាគរយ ធៀបនឹងឆ្នាំមុន ខណៈបួនខែចុងក្រោយនេះ អត្រាការនាំចេញថយចុះគឺសុទ្ធតែចាប់ពី១០ភាគរយឡើងទាំងអស់។ មិនតែប៉ុណ្ណោះសន្ទុះនៃកំណើនសេដ្ឋកិច្ចពីមួយឆ្នាំទៅមួយឆ្នាំវិញសម្រាប់ត្រីមាសទីពីរ ឆ្នាំ២០១៩នេះ គឺសិង្ហបុរីបានកើនត្រឹម០.១ភាគរយប៉ុណ្ណោះ ដែលវាជាកម្រិតយឺតបំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០០៩មក អំឡុងវិបត្តិហិរញ្ញវត្ថុពិភពលោក។
ការធ្លាក់ចុះនៃអានុភាពសេដ្ឋកិច្ចសិង្ហបុរី ត្រូវក្រុមអ្នកវិភាគភាគច្រើន បន្ទោសទៅលើការធ្វើសង្រ្គាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក គឺសហរដ្ឋអាមេរិកនិងចិន ដែលមិនទាន់អាចដោះស្រាយទំនាស់នេះនៅឡើយទេ។ អ្នកជំនាញបានព្រមានថា ខណៈសិង្ហបុរី ដែលជាតំបន់ឆ្លងកាត់នៃផលិតផលដែលត្រូវឆ្ពោះទៅនិងនាំយកមកពីទីផ្សារលោកខាងលិច និងជាកន្លែងប្រមូលផ្តុំសម្រាប់ការផលិតផលិតផលបច្ចេកវិទ្យាទំនើបៗប្រចាំនៅអាស៊ីនោះ កំពុងបង្ហាញផលប៉ះពាល់ខ្លាំងជាងគេក៏ដោយ ប្រទេសមួយចំនួនទៀតនៅអាស៊ី រួមមានឥណ្ឌា ឥណ្ឌូណេស៊ី និងកូរ៉េខាងត្បូងជាដើម សុទ្ធតែទទួលរងផលអវិជ្ជមាន ក្នុងវិស័យនាំចេញរបស់ពួកគេ។
សរុបសេចក្តីមក ប្រទេសសិង្ហបុរី គឺត្រូវបានគេប្រៀបប្រដូចទៅនឹងសត្វចាប Canary ដែលពួកកម្មករក្នុងអណ្តូងរ៉ែក្រោមដី យកតាមខ្លួន ដើម្បីទុកសម្រាប់ផ្តល់សញ្ញាពីគ្រោះថ្នាក់ផ្សេងយ៉ាងដូច្នោះដែរ៕