(ដូហា)៖ រដ្ឋមន្ត្រីការបទេសអារ៉ាប៊ីសាអ៊ូឌីត លោក ចូពៀរ (Jubeir) អំពាវនាវដល់សហគមអន្តរជាតិឲ្យចាត់វិធានការ ដើម្បីរារាំងអ៊ីរ៉ង់កុំឲ្យបង្កហេតុ ក្រោយពីរដ្ឋាភិបាលក្រុងតេហេរ៉ង់ បានចាប់រឹបអូសកប៉ាល់ដឹកប្រេង ដែលបានចុះបញ្ជីក្នុងប្រទេសអង់គ្លេស នៅឯច្រកសមុទ្រអ័រមូស (Hormuz) កាលពីថ្ងៃសុក្រសប្តាហ៍ទៅនេះ។ នេះបើតោងតាមការចុះផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃចន្ទ ទី ២២ ខែកក្កដា ឆ្នាំ២០១៩។
លោករដ្ឋមន្ត្រីរូបនេះដដែល បានសរសេរសារបង្ហោះលើគណនី Twitter យ៉ាងដូច្នេះថា «រាល់ការវាយប្រហារណាមួយមកលើសេរីភាពនាវាចរណ៍ គឺជាការរំលោភបលើច្បាប់អន្តរជាតិ។ អ៊ីរ៉ង់ត្រូវតែដឹងថា ទង្វើរបស់ខ្លួនដែលបានប្រព្រឹត្តមកលើ កប៉ាល់អន្តរជាតិនាពេលថ្មីៗ រួមទាំងនាវារបស់អង់គ្លេសផងនោះ គឺមិនអាចទទួលយកបានជាដាច់ខាត។ សហគមអន្តរជាតិត្រូវតែចាត់វិធានការ ដើម្បីរារាំងអាកប្បកិរិយាបែបនេះរបស់អ៊ីរ៉ង់»។
គួរជម្រាបថា កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដែលហៅកាត់ថា (IRGC) បានចាប់ឃាត់ខ្លួនកប៉ាល់ដឹកប្រេងរបស់អង់គ្លេសមួយគ្រឿង ឈ្មោះថា ស្ទេណា អ៊ីមភែរ៉ូ (Stena Impero) នៅឯច្រកសមុទ្រហ័រមូស (Hormuz) ក្រោមហេតុផលថា កប៉ាល់ខាងលើនេះបានរំលោភបំពានលើដែនសមុទ្ររបស់ខ្លួន។ ក្រៅពីរឹបអូសកប៉ាល់ ឆ្មាំបដិវត្តិន៍អ៊ីរ៉ង់ក៏បានឃាត់ខ្លួននាវិក ២៣នាក់ដោយនៅក្នុងនោះមានជនជាតិរុស្ស៊ី ០៣នាក់ផងដែរ។ ទង្វើរបស់អ៊ីរ៉ង់ខាងលើបានទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីសំណាក់បណ្តាប្រទេសជាសម្ព័នមិត្តរបស់អង់គ្លេសដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបារាំងជាដើម។
ភាពតានតឹងរវាងអ៊ីរ៉ង់ និងអង់គ្លេសនៅច្រកសមុទ្រហ័រមូសនេះ បានកើតឡើងបន្ទាប់ភាគីអង់គ្លេស សហការណ៍ជាមួយសមត្ថកិច្ចរដ្ឋបាលកោះ ជីប្រាល់តា (Gibraltar ជាកម្មសិទ្ធិរបស់អង់គ្លេស) បានចាប់រឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់មួយកគ្រឿង កាលពីថ្ងៃទី០៤ ខែកក្តដាកន្លងទៅនេះ ក្រោមហេតុផលដូចគ្នាដែលថា អ៊ីរ៉ង់បានបំពាកលើច្បាប់អន្តរជាតិ៕