(ហាណូយ)៖ កងកម្លាំងល្បាតព្រំដែនប្រទេសវៀតណាម បានឃាត់ខ្លួនបុរសជនជាតិឡាវម្នាក់ ដែលជាមេបណ្តាញរត់ពន្ធគ្រឿងញៀនឆ្លងដែន និងរឹបអូសបានថ្នាំញៀនជាង ២៤,០០០គ្រាប់ផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានវៀតណាម Vietnam News នៅរសៀលថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩។
ក្រោយការស៊ើបអង្កេតយ៉ាងដិតដល់រយៈពេលជាង ៩ខែ ទីបំផុតបណ្តាទីភ្នាក់ងារពាក់ព័ន្ធក្នុងប្រទេសវៀតណាម នាថ្ងៃអាទិត្យម្សិលមិញនេះ បានចាប់ខ្លួនបុរសឡាវខាងលើមានអាយុ ៣៩ឆ្នាំ ចំពេលកំពុងតែដឹកជញ្ជូនគ្រឿងញៀន ពីប្រទេសឡាវចូលមកប្រទេសវៀតណាម នៅឯច្រកព្រំដែនខេត្តក្វាងប៊ិញ (Quang Binh) ភាគកណ្តាលវៀតណាម។
គួរជម្រាបថា យោងតាមច្បាប់វៀតណាម ជនណាដែលមានទោសពីបទលួចរត់ពន្ធ ថ្នាំញៀនប្រភេទហេរ៉ូអ៊ីនលើសពី ៦០០ក្រាម និងមេតំហ្វេតាមីនលើសពី ២.៥គីឡូក្រាម នឹងត្រូវកាត់ទៅសប្រហារជីវិតតែម្តង ហើយការផលិត និងជួញដូរហេរ៉ូអ៊ីនចាប់ពី ១០០ក្រាម ឬក៏ ថ្នាំញៀនដ៏ទៃទៀតចាប់ពី ៣០០ក្រាមឡើងទៅ ក៏ប្រឈមនឹងទោសប្រហារជីវិតនោះដែរ។ រីឯថ្នាំញៀនរឹបអូសបានជាង ២៤,០០០គ្រាប់នោះគឺជាប្រភេទ synthetic drug៕