(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាមួយរូបនៃប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក ជែក គាណេ (Jack Keane) បាននិយាយថា ការសម្រេចចិត្តប្រព័ន្ធមីស៊ីល S-400 របស់តួកគី ពីរុស្ស៊ីគឺជារឿងមិនអាចទទួលយកបាន ហើយវានឹងបំផ្លាញដល់ទំនាក់ទំនងរវាងអាមេរិក-តួកគី ព្រមទាំងគំរាមកហែងដល់ស្ថេរភាពអង្គការ NATO តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩។
ការកត់សម្គាល់ខាងលើរបស់លោក Jack Keane ធ្វើឡើងបន្ទាប់ពីប្រព័ន្ធមីស៊ីល S-400 ដំបូង បានទៅដល់ទឹកដីតួកគីកាលពីប៉ុន្មានថ្ងៃមុននេះ។ លោក Keane បានគូសបញ្ជាក់ ប្រាប់សារព័ត៌មាន The Times យ៉ាងដូច្នេះថា «ការទិញប្រព័ន្ធមីស៊ីល S-400 របស់តួកគី បានរំលោភគោលនយោបាយរបស់ NATO ដែលតម្រូវឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនកុំទិញបរិក្ខា យោធាពីរុស្ស៊ី... ដូច្នេះការសម្រេចចិត្តរបស់តួកគី គឺជារឿងមិនអាចទទួលយកបាន ហើយយើងក៏មិនធ្លាប់បានជួបភាពតានតឹង នៅក្នុងចំណោមសម្ព័ន្ធមិត្ត NATO ដូចបច្ចុប្បន្ននេះដែរក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ»។
គួរបញ្ជាក់ថា បើតាមលោក Jack Keane ការដកតួកគីចេញពីកម្មវិធីអភិវឌ្ឍន៍យន្ដហោះ ចម្បាំងបំបាំងកាយអាមេរិក F-35 គឺជារឿងត្រឹមត្រូវ ប៉ុន្តែលោកក៏ទទួលស្គាល់ដែរថា តួកគីគឺជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់សហរដ្ឋអាមេរិក។ ដោយឡែកសម្រាប់តួកគីវិញ ក៏បានបញ្ជាក់ជំហររបស់ខ្លួនដដែល ក្នុងការបន្តទទួលយកប្រព័ន្ធការពារមីស៊ីល S-400 ពីរុស្ស៊ី ទៅតាមកិច្ចព្រមព្រៀងទិញដែលត្រូវបានសម្រេចរួចទៅហើយ។ បន្ថែមពីនេះអ្នកជំនាញអន្តរជាតិ នានាក៏បានព្រមានផងដែរថា ការហាមឃាត់តួកគីលើសិទ្ធិទិញ និងអភិវឌ្ឍន៍យន្តហោះចម្បាំង F-35 ហាក់ដូចជាការជម្រុញឲ្យតួកគី ងាកទៅប្រឹងប្រែងអភិវឌ្ឍន៍សព្វាវុធដោយខ្លួនឯង ឬក៏អាចទៅទិញសព្វាវុធពីរុស្ស៊ីបន្ថែមទៀតផងក៏ថាបានដែរ៕