(ឡាវេហ្គាស់)៖ កីឡាករហ្វីលីពីន Manny Pacquiao ដណ្តើមបានខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBA World Welterweight Championship ក្រោយយកឈ្នះម្ចាស់ខ្សែក្រវាត់ Keith Thurman ដោយពិន្ទុមិនឯកច្ឆន្ទនាព្រឹកថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងប្រភេទទម្ងន់ ៦៦.៨គីឡូក្រាម។
ការប្រកួតចំនួន ១២ទឹក (៣នាទី/ទឹក) ដែលបានធ្វើឡើងនៅសង្វៀន MGM Grand Garden Arena ស្ថិតក្នុងទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក កីឡាករចាស់វស្សាវ័យ ៤០ឆ្នាំ Pac Man ធ្វេីបានល្អបំផុតនៅទឹកទី១ តាមរយ:វ៉ៃកីឡាករម្ចាស់ផ្ទះ Thurman អោយដេកលើសង្វៀន និងត្រូវអាជ្ញាកណ្តាលរាប់ដល់៨ផងដែរ។
ក្រោយមក Pacquiao ក៏បន្តធ្វើបានល្អពីទឹកទី២ ដល់ទី៥ និងប្រើកណ្តាប់ដៃវ៉ៃបែកច្រមុះ Thurman ចុងទឹកទី៥ ទៀតផង មុនស្រុតកម្លាំង និងត្រូវបានសិស្សប្អូន ១០ឆ្នាំគ្រប់គ្រងការប្រកួតវិញចាប់ពីទឹកទី៦ ដល់ទឹកទី៩ មុនពេលទទួលរងកណ្តាប់ដៃរបស់ឆ្វេងរបស់ Pacquiao ធ្វើអោយចុកក្នុងទឹកទី១០ និងបន្តវ៉ចាញ់ពិន្ទ Pacquiao សម្រាប់២ទឹកដែលនៅសល់នោះ។
គួរបញ្ជាក់ផងថា ក្នុងប្រកាសលទ្ធផលពីសំណាក់ចៅក្រមទាំង ៣រូប ដោយចៅក្រមទី១ ផ្តល់ពិន្ទុអោយ Keith Thurman ឈ្នះ ខណ:ចៅក្រមទី២ និងទី៣ បានផ្តល់ពិន្ទុអោយ Manny Pacquiao ជាអ្នកឈ្នះ។
បច្ចុប្បន្ន មានខ្សែក្រាវាត់ ២ក្នុងដៃរួមមាន ខ្សែក្រវាត់ WBA regular Welterweight ដែលដណ្តេីមបានពី Lucas Matthysse កាលខែកក្កដា ឆ្នាំ២០១៨ និងខ្សែក្រវាត់ WBA Super World Welterweight ដែលទេីបដណ្តេីមបានពី Keith Thurman ថ្ងៃនេះ៕