(ព្រុចសែល)៖ អង្គការ NATO បានថ្កោលទោស និងជំរុញឱ្យអ៊ីរ៉ង់ដោះលែងកប៉ាល់ ដឹកប្រេងអង់គ្លេសជាបន្ទាន់ ដោយចោទថាការរឹបអូសនេះគឺជាទង្វើរំលោភលើសេរីភាព នាវាចរអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) អង្គការ NATO បានសង្កត់ធ្ងន់ដូច្នេះថា៖ «យើងថ្កោលទោសយ៉ាងខ្លាំងចំពោះ ការរឹបអូសកប៉ាល់ពីរគ្រឿង នៅឯច្រកសមុទ្រ Hormuz ពីសំណាក់កងកម្លាំងអ៊ីរ៉ង់...ហើយដែលទង្វើនេះរំលោភបំពាន យ៉ាងធ្ងន់ធ្ងរដល់សេរីភាពនាវាចរអន្តរជាតិ...ដូច្នេះយើងជំរុញឱ្យអ៊ីរ៉ង់ដោះលែងកប៉ាល់ និងនាវិកទំាងនោះជាបន្ទាន់ ហើយយើងគាំទ្រឱ្យមានដំណោះស្រាយមួយតាមផ្លូវការទូត»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ កងកម្លាំងអ៊ីរ៉ង់ បានឃាត់កប៉ាល់ពីរគ្រឿង ចុះបញ្ជីនៅក្នុង ប្រទេសលីប៊េរីយ៉ា និងអង់គ្លេស នៅឯច្រក Hormuz ដោយចោទថាកប៉ាល់ទាំង២នេះ រំលោភលើច្បាប់អន្តរជាតិ។ ប៉ុន្តែ ក្រោយមកកប៉ាល់លីប៊េរីយ៉ា ត្រូវបានដោះលែងវិញ រីឯ កប៉ាល់ដឹកប្រេងអង់គ្លេសឈ្មោះ Stena Impero ត្រូវបានបញ្ជូនទៅកាន់កំពង់ផែមួយរបស់ អ៉ីរ៉ង់ ខណៈកប៉ាល់ដឹកប្រេងអ៉ីរ៉ង់មួយគ្រឿង ក៏កំពុងស្ថិតនៅក្នុងកណ្ដាប់ដៃ អង់គ្លេសផងដែរ ៕