(គូឡាឡាំពួរ)៖ ប៉ូលិសម៉ាឡេស៊ីបានឃាត់ខ្លួនជនសង្ស័យពីរនាក់ផ្សេងទៀតហើយ ដែលពាក់ព័ន្ធនឹងការចែកចាយវីដេអូផ្លូវភេទ ដែលត្រូវបានចោទថាពាក់ព័ន្ធនឹងរដ្ឋមន្រ្តីម៉ាឡេស៊ី។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសៅរ៍ ទី ២០ ឆ្នាំ ២០១៩។
ដោយមិនបង្ហាញព័ត៌មានលំអិតអំពីការចាប់ខ្លួននេះ អគ្គស្នងការប៉ូលីសលោក អាប៊ឌុល ហាមីដ បាដ័រ (Abdul Hamid Bador) បាននិយាយថា ជនសង្ស័យទាំងពីរត្រូវបានឃុំខ្លួននៅមន្ទីឃុំឃាំង ហ្សាហ៍ អាឡាម (Shah Alam) កាលពីថ្ងៃសុក្រម្សិលមិញ (ថ្ងៃទី១៩ ខែកក្កដា) ដើម្បីរង់ចាំនីតិវិធីពីតុលាការ។ ប្រការនេះនាំឱ្យចំនួនសរុបនៃការចាប់ខ្លួន ដែលពាក់ព័ន្ធនឹងរណីនេះកើនរហូតដល់ ១១នាក់ហើយ។ យើងលោកអគ្គស្នងការប៉ូលីសខាងលើដដែលឲ្យដឹងថា ប៉ូលីសកំពុងស៊ើបអង្កេតយ៉ាងសកម្មលើលក្ខណៈសំខាន់ៗមួយចំនួន ដូចជាភាពត្រឹមត្រូវរបស់វីដីអូ ជនដែលបានផលិតវីដេអូ និងជនដែលបានចូលរួមចែកចាយវាផងដែរ។
កាលពីខែមិថុនា រឿងអាស្រូវផ្លូវភេទដ៏ធំមួយបានបានផ្ទុះឡើង តាមរយៈការបែកធ្លាយឃ្លីបវីដេអូអាសអាភាសមួយចំនួន ដែលហាក់បង្ហាញឲ្យឃើញនូវវត្តមានបុរសម្នាក់ដែលគេសង្ស័យថា ជា រដ្ឋមន្រ្តីម៉ាឡេស៊ីលោក ម៉ូហាម៉េដ អាសមីន អាលី (Mohamed Azmin Ali) និងត្រូវមនុស្សភាគច្រើនចាត់ទុកថា អាចជាអ្នកបន្តវេនពីលោក មហាធៀ (Mahathir) ថែមទៀតនោះ ស្ថិតនៅលើគ្រែជាមួយបុរសម្នាក់ទៀត។ ប្រការនេះបាននិងកំពុងធ្វើឲ្យរង្គោះរង្គើ រដ្ឋាភិបាលចម្រុះម៉ាឡេស៊ី ខណៈលោកនាយករដ្ឋមន្រ្តី Mahathir ទទូចឲ្យពង្រឹងសាមគ្គីភាពឡើងវិញ។
គួរបញ្ជាក់ថា នៅក្នុងប្រទេសម៉ាឡេស៊ី ការរួមរ័ក្សរវាងមនុស្សមានភេទដូចគ្នា គឺជាបទល្មើសធ្ងន់ធ្ងរមួយ ប៉ុន្តែនៅតែមានការប្រព្រឹត្តដោយលួចលាក់ ខណៈកន្លងមកលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែលជាបុគ្គលលោក Mahathir ចង់ឲ្យស្នងតំណែងជានាយករដ្ឋមន្រ្តីនោះ ក៏ធ្លាប់បានជាប់ពន្ធនាគារជិតមួយទសវត្សរ៍ ពីបទល្មើសដូចគ្នានេះផងដែរ៕