បុរសម្នាក់ឡើងជិះលើស្លាបយន្តហោះ Boeing 737 នៅនីហ្សេរីយ៉ា ខណៈជិតហោះឡើងទៅហើយ (Video inside)
20-07-2019 16:30
(អាហ្រ្វិក)៖ នៅឯអាកាសយានដ្ឋាន មើតាឡា មូហាំម៉េដ (Murtala Muhammed) ក្នុងទីក្រុង ឡាហ្គោស (Lagos) ប្រទេសនីហ្សេរីយ៉ា បុរសម្នាក់ស្រាប់តែបានវាឡើង លើស្លាបយន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ ក្រុមហ៊ុនអាកាសចរណ៍ អាសមែនអ៊ែរ (Azman Air) ខណៈដែលយន្តហោះនោះកំពុងត្រៀម លក្ខណៈដើម្បីហោះចាកចេញពីអាកាសយានដ្ឋាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩។
នៅពេលពីឡុតប្រទះឃើញបុរសនោះ ក៏បានសម្រេចពន្លត់ម៉ាស៊ីនយន្តហោះជាបន្ទាន់ ដើម្បីទប់ស្កាត់ហានីភ័យ ខណៈជនមិនស្គាល់អត្តសញ្ញាណ បានវាឡើងលើស្លាបខាងឆ្វេងរបស់យន្តហោះ Boeing 737។ ក្រោយមកបុរសនោះ ត្រូវបានសន្តិសុខប្រចាំព្រលានយន្តហោះឃាត់ខ្លួន។ ហេតុការណ៍នេះកើតឡើងចំពេលយន្តហោះ កំពុងរង់ចាំការអនុញ្ញាតឲ្យហោះឡើង។
គួរជម្រាបថា បើផ្អែកលើការសួរនាំ បុរសម្នាក់នោះមានបំណងចង់ធ្វើដំណើរទៅប្រទេស ហ្គាណា (Ghana តាមយន្តហោះ ប៉ុន្តែមិនព្រមបកស្រាយប្រាប់អាជ្ញាធរថា តើខ្លួនអាចលួចចូលមកដល់ផ្លូវយន្តហោះឡើង-ចុះបែបនេះ បានដោយរបៀបណាឡើយ៕