Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្បូងពេជ្រធំជាងគេប្រចាំទ្វីបអឺរ៉ុប និងពេជ្រពណ៌លឿងដ៏កម្របំផុត ត្រូវបានរកឃើញក្នុងតំបន់មួយរបស់រុស្ស៊ី (Photo inside)

20-07-2019 15:19

(ម៉ូស្គូ)៖ ប៉ុន្មានខែចុងក្រោយនេះត្បូងពេជ្រធំៗមួយចំនួន ក្នុងនោះមានទាំងគ្រាប់ពេជ្រធំបំផុត ប្រចាំនៅតំបន់អឺរ៉ុប និងគ្រាប់ពេជ្រកម្រពណ៌លឿង ត្រូវបានរកឃើញជាបន្តបន្ទាប់នៅតំបន់ អាខានជែល (Arkhangelsk) ភាគពាយ័ព្យនៃប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី RT នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩។

នាថ្ងៃសៅរ៍នេះត្បូងពេជ្រពណ៌លឿងមួយទម្ងន់ ៤៧.៦១ការ៉ាត់ ត្រូវបានរកឃើញ ក្នុងអណ្តូងរ៉ែពេជ្រដ៏ធំបំផុតមួយប្រចាំនៅរុស្ស៊ី ក៏ដូចជានៅលើពិភពលោកនេះ។ បើតាមក្រុមហ៊ុន AGD Diamonds ដែលជាម្ចាស់អណ្តូងរ៉ែហ្គ្រីប (Grib) កាលពីខែឧសភា គ្រាប់ពេជ្រធំជាងគេបង្អស់នៅអឺរ៉ុបគឺទម្ងន់ ២២២.០៩ការ៉ាត់ ក៏ត្រូវបានរកឃើញនៅអណ្តូងរ៉ែពេជ្រនេះផងដែរ រួមជាមួយត្បូងមានតម្លៃដូចគ្នា មួយទៀតដែលមានទំហំតូចជាងគឺទម្ងន់ ១២៧.៣៤ការ៉ាត់។

គួរជម្រាបថា មុនរបកគំហើញនៃពេជ្រទំហំជាង ២២២ការ៉ាត់នោះ គ្រាប់ពេជ្រធំបំផុត ដែលត្រូវបានរកឃើញនៅក្នុងអណ្តូងរ៉ែ Grib គឺមានទំហំ ១៨១.៦៨ការ៉ាត់ និងមានឈ្មោះថា អាឆានជែល ម៉ៃឃើល (Archangel Michael)។ ក្រុមហ៊ុន AGD Diamonds មានគម្រោងចង់បញ្ជូនត្បូងពេជ្រមានតម្លៃទាំងនេះទៅលក់នៅទីក្រុង អានត៍វើប (Antwerp) ប្រទេសប៊ែលហ្សិក ដែលជាកន្លែងប្រមូលផ្តុំនៃត្បូងពេជ្រល្បីៗនៅលើពិភពលោក ខណៈតម្លៃវាវិញមិនទាន់មានការបញ្ជាក់នោះឡើយ។ ជាទូទៅអ្នកដែលនិយមទិញត្បូងពេជ្រជាងគេ គឺជនជាតិអ៊ីស្រាអែល ហើយនិងប៊ែលហ្សិកផ្ទាល់៕