(អ៊ីស្រាអែល)៖ ក្រុមជំនាញផ្នែកព័ត៌មានវិទ្យាមួយមានឈ្មោះថា NSO Group ដែលមានមូលដ្ឋាននៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានគេចោទប្រកាន់ថា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបង្កើតកម្មវិធីសម្ងាត់ ដែលអាចចូលលុកលុយកម្មវិធី WhatsApp របស់ Facebook, អ្នកប្រើប្រាសប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google និង អ្នកប្រើប្រាស់ iOS របស់ Apple បាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩។
ទោះបីជាកន្លងមក NSO បានព្យាយាមបដិសេធទៅលើពាក្យចចាមអារ៉ាម និងចោទប្រកាន់នានា ជុំវិញការលុកលុយចូលទៅក្នុងកម្មវិធីទាំងឡាយ ដែលមានអ្នកកំពុងប្រើប្រាស់រាប់ពាន់លាននាក់ តាមរយៈកម្មវិធីដែលក្រុមនេះជាអ្នកបង្កើតនោះក៏ដោយ ក៏ពួកគេមិនដែលបានបដិសេធនោះដែរ ទៅលើការសម្ងំអភិវឌ្ឍន៍បច្ចេកវិទ្យាប្រភេទនេះ ខណៈដែលក្រុមជំនាញជាច្រើន កំពុងចោទជាសំនួរទៅលើសមត្ថភាពរបស់កម្មវិធីការពារ ដែលត្រូវបានបង្កើតដោយ NSO។
យោងតាមសារព័ត៌មាន Financial Times ស្មាតហ្វូននានាដែលត្រូវបានគេលុកលុយ នឹងអនុញ្ញាតឲ្យកម្មវិធី Pagasus របស់ក្រុម NSO ធ្វើការទាញយក Authentication Keys សម្រាប់ចូល Google Drive, Facebook Messenger និងសេវា iCloud ព្រមទាំង Cloud ផងដែរ។ ជាមួយនឹងបច្ចេកវិទ្យានេះ Pagasus អាចគ្រប់គ្រងទៅលើមុខងារ two-step authentication និង notification របស់ Email បានថែមទៀត ដើម្បីជាការការពារទិន្នន័យរបស់អ្នកប្រើប្រាស់។
ដោយសារតែសមត្ថភាពដ៏អស្ចារ្យខាងលើនេះ របស់កម្មវិធីបង្កើតឡើងដោយ NSO របស់អ៊ីស្រាអែលនោះហើយ ទើបក្រុមជំនាញជាច្រើនមានការសង្ស័យ ហើយដោយឡែក ក្រុមការងាររបស់ Amazon និង Facebook កន្លងមកនេះក៏បានចេញមុខអះអាងផងដែរថា ពួកគេនឹងធ្វើការស៊ើបអង្កេតទៅលើរឿងនេះ ហើយថែមទាំងរកដំណោះស្រាយផ្នែកសន្តិសុខ សម្រាប់សេវាកម្ម Cloud រៀងៗខ្លួនផងដែរក្នុងករណីចាំបាច់។
គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅនេះមានការទម្លាយព័ត៌មានថា កម្មវិធី WhatsApp របស់ Facebook ត្រូវបានក្រុមការងារ NSO នៅអ៊ីស្រាអែលធ្វើការលុកលុយ៕