Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតប្រធានាធិបតីអ៊ីរ៉ង់៖ «តាមពិតលោក ដូណាល់ ត្រាំ ចង់ចរចាជាមួយអ៊ីរ៉ង់ណាស់» ប៉ុន្តែអាមេរិកកំពុងប្រើវិធីសាស្ត្រខុស...

20-07-2019 13:53

(តេហេរ៉ង់)៖ អតីតប្រធានាធិបតីអ៊ីរ៉ង់លោក ម៉ាមួដ អាម៉ាឌីណេចាដ (Mahmoud Ahmadinejad) បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពិតជាចង់បានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ពោលគឺលោកមិនចង់បង្កសង្រ្គាមឡើយ ប៉ុន្តែនយោបាយដាក់សម្ពាធក្នុងកម្រិតអតិបរមា របស់ទីក្រុងវ៉ាស៊ីនតោននាពេលបច្ចុប្បន្ននេះ មិនអាចជួយអ្វីបានក្រៅពីការបន្ទុចបង្អាក់ ដំណើរការឆ្ពោះទៅសម្រេចគោលដៅនេះប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងការផ្តល់បទសម្ភាសន៍មួយជាមួយ សារព័ត៌មានអាមេរិក The New York Times លោក Mahmoud Ahmadinejad បាននិយាយថា ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងទទូលបានប្រយោជន៍ទាំងសងខាង ពីដំណោះស្រាយដោយសន្តិវិធីតាមផ្លូវការទូត សម្រាប់បញ្ហាវិវាទ និងការប្រឈមមុខគ្នារវាងប្រទេសទាំងពីរ ដែលកំពុងបន្តកើនឡើងកម្តៅ ប៉ុន្តែលោកបានគូសបញ្ជាក់ថា ដំណោះស្រាយអាចកើតទៅបានលុះត្រាណាតែមាន បរិយាកាសដែលគ្មានការបង្កហេតុ និងមានការគោរពគ្នាទៅវិញទៅមក។

លោក Ahmadinejad បានលើកឡើងដោយសំដៅលើអាមេរិកយ៉ាងដូច្នេះថា «ប្រសិនបើអ្នកយកដៃទៅច្របាច់កនរណាម្នាក់ រួចហើយហៅគេមកឲ្យអង្គុយចរចាជាមួយខ្លួន ភាគីម្ខាងទៀតនឹងមិនអាចទទួលយកបានដាច់ខាត។ ដូច្នេះហើយការចរចា ត្រូវតែប្រព្រឹត្តទៅក្រោមបរិបថដែលគ្មានភាពប្រទុសរាយ និងប្រកបដោយការគោរព ដើម្បីឲ្យវាមានភាពឋិតឋេរ»

គួរបញ្ជាក់ថា លោកអតីតប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ក៏បានលើកឡើងជាយោបល់ផងដែរថា ទីក្រុងវ៉ាស៊ីនតោនគួរតែដកទណ្ឌកម្ម ដែលខ្លួនបានដាក់មកលើទីក្រុងតេហេរ៉ង់ ក្រោយការដកខ្លួនពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរវិញ ដើម្បីឲ្យកិច្ចចរចាអាចកើតមានទៅរួច៕