Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហព័ន្ធរុស្ស៊ីចង់មានទំនាក់ទំនងល្អឡើងវិញជាមួយ NATO ដើម្បីចៀសវាងការយល់ច្រឡំ ជាពិសេសលើសកម្មភាពយោធា...

20-07-2019 12:01

(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃសុក្រសប្តាហ៍នេះបានឲ្យដឹងថា សហព័ន្ធរុស្ស៊ី និងអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើងហៅកាត់ថា ណាតូ (NATO) គួរតែធ្វើការរួមគ្នា ដើម្បីចៀសវាងការយល់ច្រឡំ និងគួរតែបើកកិច្ចសន្ទនាគ្នាឡើងវិញលើវិស័យយោធា ដើម្បីដោះស្រាយបញ្ហាដែលជាប់គាំង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហ៊ួ នាព្រឹកថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៩។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក អាឡិចហសានដឺ ហ្គ្រូសកូ (Alexander Grushko) បានលើកឡើងយ៉ាងដូច្នេះថា «អ្វីដែលសំខាន់នាពេលបច្ចុប្បន្ននេះ គឺការស្វែងរកឲ្យបាននូវមធ្យោបាយមួយ ដែលអាចកាត់បន្ថយភាពតានតឹង និងអាចទប់ស្តាក់កុំឲ្យមានឧបទ្ទវហេតុយោធាណាមួយ កើតមានឡើងជាយថាហេតុ។ ដូច្នេះយើងត្រូវធ្វើការងាររួមគ្នា ដើម្បីចៀសវាងការបកស្រាយខុស ពីចេតនាដើមរបស់ភាគីនិមួយៗ»

ក្នុងពេលជាមួយគ្នា លោកក៏បានគូសបញ្ជាក់ទៀតថា វាជាការចាំបាច់សម្រាប់ការលើកកម្ពស់តម្លាភាព នៃសកម្មភាពយោធា និងស្តារទំនាក់ទំនងឡើងវិញនៅក្នុងវិស័យនេះ។

គួរជម្រាបជូនថា ភាពតានតឹងរវាងរុស្ស៊ី និងអង្គការណាតូ (NATO) បានប្រែកាន់តែធ្ងន់ធ្ងរឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយហេតុថាភាគីទាំងពីរបានធ្វើសមយុទ្ធយោធាសំខាន់ៗ នៅតាមតំបន់ព្រំដែន និងបានចោទប្រកាន់គ្នាទៅវិញទៅមក ពីបទរំលោភលើសន្ធិសញ្ញាគ្រប់គ្រងអាវុធ។

យ៉ាងណាមិញកាលពីខែមេសាកន្លងទៅ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា កិច្ចសហប្រតិបត្តិការស៊ីវិល និងយោធា រវាងសហព័ន្ធរុស្ស៊ី និងអង្គការណាតូត្រូវបានបញ្ឈប់ លើកលែងតែទំនាក់ទំនងជាលក្ខណៈទ្វេភាគី ជាមួយបណ្តាប្រទេសសម្ព័ន្ធមិត្តប៉ុណ្ណោះ៕