(ឡុងដ៍)៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Jeremy Hunt នាថ្ងៃសុក្រសប្តាហ៍នេះ បានលើកឡើងថា ការដែលអ៊ីរ៉ង់រឹបអូស កប៉ាល់ដឹកប្រេងរបស់អង់គ្លេស គឺជាសកម្មភាពបង្កើនភាពតានតឹងនៅក្នុងតំបន់ ដែលមិនអាចទទួលយកបានឡើយ។ នេះបើ តាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩។
ក្រោយការរឹបអូសកប៉ាល់ដឹកប្រេងអង់គ្លេស លោក Hunt ព្រមទាំងមន្រ្តីជាន់ខ្ពស់ឯទៀត បានចូលរួមការកោះប្រជុំបន្ទាន់មួយ ដើម្បីពិគ្រោះអំពីចំណាត់ការឆ្លើយតបរបស់ទីក្រុងឡុងដ៍។ បើតាមលោក Hunt ក្រៅពីកប៉ាល់ដឹកប្រេងអង់គ្លេស កប៉ាល់មួយ គ្រឿងទៀតរបស់ប្រទេសអាហ្វ្រិកខាងលិច Liberia ក៏ត្រូវបានអ៊ីរ៉ង់ឃាត់ទុកជាមួយគ្នាដែរ ហើយខណៈនេះ ឯកអគ្គរាជទូតរបស់ អង់គ្លេសប្រចាំនៅតេហេរ៉ង់ កំពុងទាក់ទងជាមួយរដ្ឋាភិបាលអ៊ីរ៉ង់ ទាក់ទិនបញ្ហានេះ។
បើតាមសេចក្តីថ្លែងការណ៍របស់កងកម្លាំងយោធាអ៊ីរ៉ង់ IRGC កប៉ាល់ដឹកប្រេងអង់គ្លេស ឈ្មោះថា Stena Impero ដែលត្រូវបានចាប់ឃាត់ទុក គឺដោយសារតែមិនគោរពច្បាប់ដែន សមុទ្រអន្តរជាតិ នៅពេលឆ្លងកាត់ច្រកសមុទ្រ Hormuz។ កប៉ាល់ Stena Impero ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដឹកជញ្ជូន Stena Bulk ដែលបានអះអាងមានមនុស្ស២៣នាក់នៅលើនោះ ហើយកប៉ាល់នេះមានគោលដៅឆ្ពោះទៅកាន់កំពង់ផែ Al Jubail របស់ប្រទេស អារ៉ាប៊ីសាអូឌីត។
គួរជម្រាបថា កន្លងទៅក្នុងខែកក្កដានេះ កងម៉ារីនរបស់អង់គ្លេស បានរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់មួយគ្រឿង នៅឯច្រកសមុទ្រ Gibraltar ដោយទីក្រុងឡុងដ៍អះអាងថា មានគោលដៅដឹកប្រេងឆ្ពោះទៅប្រទេសស៊ីរី ដែលល្មើសនឹងទណ្ឌកម្មអន្តរជាតិ ហើយ កប៉ាល់អ៊ីរ៉ង់មួយនោះត្រូវបានរក្សាទុកមកទល់ពេលនេះ ទោះអ៊ីរ៉ង់បានទទូចទាមទារឲ្យដោះលែងយ៉ាងណាក៏ដោយ។
ទន្ទឹមគ្នានោះ អ៊ីរ៉ង់បានព្រមានថា បើមិនតាមសំណើខ្លួន ទីក្រុងតេហេរ៉ង់ក៏នឹងចាត់វិធានការស្រដៀងលើកប៉ាល់ដឹកប្រេងអង់គ្លេស ដែលធ្វើដំណើរ ឆ្លងកាត់ច្រកសមុទ្រ Hormuz ជាការសងសឹកផងដែរ។ ចាប់តាំងពីការរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ អង់គ្លេសបាន ចល័តនាវាចម្បាំងឲ្យអមដំណើរកប៉ាល់ដឹកប្រេងរបស់ខ្លួន ដោយកន្លងមកមានសេចក្តីរាយការណ៍ថា ទូកល្បាតអ៊ីរ៉ង់បានព្យាយាម រារាំងការធ្វើដំណើរកប៉ាល់ដឹកប្រេងអង់គ្លេសម្តងរួចមកហើយ ប៉ុន្តែបានថយវិញព្រោះតែការព្រមានពីនាវាចម្បាំងដែលអមការពារ ។ យ៉ាងណាមិញ ឥឡូវក៏ធ្លោយឲ្យអ៊ីរ៉ង់ឃាត់ជាប់ ដែលទំនងមកពីមិនមាននាវាចម្បាំងនៅអមដំណើរ៕