Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការបែកធ្លាយរឿងអាស្រូវផ្លូវភេទកំពុងធ្វើឲ្យរង្គោះរង្គើរដ្ឋាភិបាលចម្រុះម៉ាឡេស៊ី, នាយករដ្ឋមន្រ្តី Mahathir ទទូចឲ្យពង្រឹងសាមគ្គីភាព (Video inside)

20-07-2019 08:58

(គូឡាឡាំពួរ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohammad នាថ្ងៃសុក្រសប្តាហ៍នេះ បានប្រកូកប្រកាសឲ្យមានការរួបរួម គ្នានៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោក ព្រោះថាបើមិនដូច្នោះទេអាចប្រឈមនឹងការបាត់បង់អំណាច បន្ទាប់ពីរឿងអាស្រូវ ផ្លូវភេទ មួយពាក់ព័ន្ធមន្រ្តីជាន់ខ្ពស់ម៉ាឡេស៊ី បានផ្ទុះឡើងកាលពីខែមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅ ព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩។

ភាពតានតឹងនៅក្នុងរដ្ឋាភិបាលចម្រុះម៉ាឡេស៊ីបានកើនឡើង ក្រោយការលេចធ្លាយឃ្លីបវីដេអូសិចមួយចំនួន ដែហាក់បង្ហាញ ឲ្យឃើញនូវវត្តមានរបស់រដ្ឋមន្រ្តីកិច្ចការសេដ្ឋកិច្ចម៉ាឡេស៊ី លោក Mohamed Azmin Ali ដែលត្រូវមនុស្សភាគច្រើនចាត់ទុកថាអាច ជាអ្នកបន្តវេនពីលោក Mahathir ថែមទៀតនោះ ស្ថិតនៅលើគ្រែជាមួយបុរសម្នាក់ទៀត។

នៅក្នុងប្រទេសម៉ាឡេស៊ី ការរួមរ័ក្សរវាងមនុស្សមានភេទដូចគ្នា គឺជាបទល្មើសធ្ងន់ធ្ងរមួយ ប៉ុន្តែនៅតែមានការប្រព្រឹត្តដោយលួចលាក់ ខណៈកន្លងមក លោក Anwar Ibrahim ដែលជាបុគ្គលលោក Mahathir ចង់ឲ្យស្នងតំណែងជានាយករដ្ឋមន្រ្តីនោះ បានជាប់ពន្ធនាគារជិតមួយទសវត្សរ៍ ដោយសារច្បាប់ដ៏ តឹងរ៉ឹងនេះ។

យ៉ាងណាមិញ ការបែកធ្លាយឃ្លីបវីដេអូផ្លូវភេទខាងលើ បានបណ្តាលឲ្យមានការសង្ស័យគ្នា នៅក្នុងគណបក្ស PKR ដែលជាបក្ស ធំជាងគេក្នុងរដ្ឋាភិបាលចម្រុះរបស់លោក Mahathir ហើយមានលោក Anwar និង លោក Azmin ជាប្រធានព្រមទាំងជាអនុប្រធាន ។ ហេតុដូច្នោះ វាបានបង្កជាក្តីព្រួយបារម្ភចំពោះការធ្វើអន្តរកាលពីការដឹកនាំរបស់នាយករដ្ឋមន្រ្តីដែលមានវ័យ៩៤ឆ្នាំរូបនេះ។

លោក Azmin កន្លងមកបានឆ្លើយប្រកែកថា លោកមិនមែនជាបុរសដែលនៅក្នុងវីដេអូទាំងនោះឡើយ ហើយលោកជឿថា វាជា ស្នាដៃប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះរបស់បុគ្គលដែលស្ថិតក្នុងគណបក្ស PKR ផ្ទាល់។ រី ឯ លោក Anwar វិញ បានលើកឡើងថា លោកមិនជាប់ពាក់ព័ន្ធអ្វី ជាមួយវីដេអូទាំងអស់នោះឡើយ។

គួរជម្រាបថា បើតាមការអះអាងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះរបស់កម្លាំងប៉ូលិសម៉ាឡេស៊ី ថ្នាក់ដឹកនាំមួយរូបនៃគណបក្សនយោបាយមួយ គឺជាអ្នកនៅពីក្រោយឃ្លីបវីដេអូ ដែលត្រូវបានគេចែកចាយព្រោងព្រាតទៅកាន់អ្នកកាសែត និងអ្នកនយោបាយ តាមរយៈកម្មវិធី WhatsApp កាលពីខែមិថុនា។ យ៉ាងណាមិញ មិនមានការបញ្ជាក់ថា បុគ្គលម្នាក់ណាឲ្យប្រាកដ ឬគណបក្សណាឡើយ។

ទោះជាមិនបានលើកឡើងពីរឿងអាស្រូវខាងលើដោយចំៗក៏ដោយ លោក Mahathir បាននិយាយថា រដ្ឋាភិបាលចម្រុះរបស់លោក មិនគួរបណ្តាយខ្លួនឲ្យមើលរំលងនូវការទទួលខុសត្រូវ និងក្តីរំពឹងនានាឡើយ ហើយការទាស់ទែងបែកបាក់ផ្ទៃក្នុង ដើម្បីតែអំណាច គឺវានឹងធ្វើឲ្យបាត់បង់អំណាចពីក្នុងដៃទៅវិញទេ៕