(តូក្យូ)៖ អាជ្ញាធរជប៉ុននៅថ្ងៃសុក្រនេះ បានបញ្ជាក់អត្តសញ្ញាណជនសង្ស័យបង្កអគ្គីភ័យ ឆាបឆេះស្ទូតឌីយ៉ូ របស់ក្រុមហ៊ុនផលិតគំនូរជីវចលក្នុងទីក្រុងក្យូតូ (Kyoto) ភាគខាងលិច ប្រទេសជប៉ុនហើយ ដោយរូបគេមានឈ្មោះថា ហ្ស៊ីនជី អាវបា (Shinji Aoba)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩។
ជនសង្ស័យឈ្មោះ Shinji Aoba មានអាយុ ៤១ឆ្នាំ កំពុងស្ថិតក្រោមការព្យាបាលនៅមន្ទីរពេទ្យ ហើយរូបគេនឹងត្រូវបានសួរចម្លើយក្រោយការព្យាបាលនេះ។ មកទល់នឹងពេលនេះ ប៉ូលិសជប៉ុនមិនទាន់ធ្វើការចោទប្រកាន់ណាមួយ ឬចេញដីកាចាប់ខ្លួនបុរសរូបនេះជាផ្លូវការ នៅឡើយទេ ហើយសូម្បីតែទំនាក់ទំនងរវាងជនសង្ស័យ និងក្រុមហ៊ុន Kyoto Animation ក៏មិនទាន់មានការបញ្ជាក់ដែរ។
ប៉ុន្តែប្រធានក្រុមហ៊ុនផលិតគំនូរជីវចលនេះ គឺលោក ហត្ថា ហៃដេអាគិ (Hatta Hideaki) ធ្លាប់បានបង្ហើបឲ្យដឹងថា កន្លងមកក្រុមហ៊ុនធ្លាប់ទទួលបាន «សារគំរាមដល់ជីវិត»។ ដោយឡែក បើតាមសាក្សីនៅរស់រានមានជីវិត ជនសង្ស័យ Shinji Aoba បានស្រែកពាក្យថា «ស្លាប់ទៅ» មុននឹងរូបគេគប់វត្ថុម្យ៉ាងចូលមកក្នុងអគាររបស់ក្រុមហ៊ុនខាងលើ។
គួរជម្រាបថា បច្ចុប្បន្នតួលេខនៃមនុស្សស្លាប់ ដោយសារគ្រោះអគ្គីភ័យខាងលើបានកើនដល់ ៣៣នាក់ និង ៣៦នាក់កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ហើយហេតុការណ៍នេះបានផ្ទុះឡើងចំពេលមនុស្ស ៧០នាក់ កំពុងស្ថិតនៅក្នុងអគារក្រុមហ៊ុន Kyoto Animation។ ចំណែកឯប្រជាជនជប៉ុនក៏បានរៃអង្គាសប្រាក់បាន ១.៣លានដុល្លារផងដែរ ដើម្បីជួយដល់ជនរងគ្រោះ និងគ្រួសាររបស់ពួកគេ៕