(វ៉ាស៊ីនតោន)៖ គេហទំព័រអន្តរជាតិ Military បានរាយការណ៍ថា ប្រព័ន្ធអាវុធថ្មីមួយសម្រាប់ធ្វើសង្រ្គាមអេឡិចត្រូនិច ប្រឆាំងនឹងយន្ដហោះដ្រូនរបស់កងនាវាអាមេរិក អាចត្រូវបានគេប្រើប្រាស់ក្នុងការបាញ់ទម្លាក់យន្ដហោះដ្រូនអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ទុកជាការធ្វើតេស្ដ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩។
Military.com បានធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើមន្ត្រីយោធាអាមេរិកម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ប្រព័ន្ធសម្រាប់ធ្វើសង្រ្គាមអេឡិចត្រូនិចប្រឆាំងនឹង យន្ដហោះដ្រូន ឬហៅជាភាសាអង់គ្លេសថា Light Marine Air Defense Integrated System (LMADIS) ត្រូវបានគេបំពាក់លើយាន ATV ភ្ជាប់ទៅដោយកាមេរ៉ា ៣៦០ដឺក្រេ។ ប្រព័ន្ធអាវុធ LMADIS បែងចែកជា ០២ផ្នែកគឺយានបញ្ជា និងអាវុធអេឡេត្រូនិច ហើយអាវុធនេះត្រូវបានបំពាក់លើនាវាចម្បាំងអាមេរិកជាច្រើនគ្រឿង ដើម្បីធ្វើតេស្ដ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថាកងនាវាអាមេរិក បានបាញ់ទម្លាក់យន្ដហោះដ្រូនអ៊ីរ៉ង់មួយគ្រឿង នៅពីលើតំបន់ច្រកសមុទ្រ Hormuz។ លោកបានបន្ថែមទៀតថា នាវាចម្បាំងអាមេរិក USS Boxer បានចាត់វិធានការការពារ ខ្លួនដោយបាញ់ទម្លាក់យន្ដហោះដ្រូនអ៊ីរ៉ង់មួយគ្រឿង កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពី យន្ដហោះនេះហោះមកក្បែរៗស្ថិតនៅចំងាយ ៩១៤ម៉ែត្រពីនាវាចម្បាំងអាមេរិក។
ប៉ុន្តែទីក្រុងតេហេរ៉ង់ទាត់ចោលការអះអាងនេះ ដោយនិយាយថា USS Boxer អាចច្រឡំ បាញ់ទម្លាក់យន្ដហោះដ្រូនរបស់ខ្លួនឯង ដ្បិតយន្ដហោះដ្រូនអ៊ីរ៉ង់ទាំងអស់ស្ថិតនៅក្នុងបន្ទាយ យ៉ាងមានសុវត្ថិភាព៕