(តូក្យូ)៖ មន្ត្រីប៉ូលិសកូរ៉េខាងត្បូងបានឱ្យដឹងថា បុរសកូរ៉េខាងត្បូងម្នាក់អាយុ ៧៨ឆ្នាំ បានដុតសម្លាប់ខ្លួនឯង នៅក្បែរស្ថានទូតជប៉ុនប្រចាំងទីក្រុងសេអ៊ូល ជាការបង្ហាញការប្រឆាំងនឹង រដ្ឋាភិបាលទីក្រុងតូក្យូ ខណៈប្រទេសទាំងពីរកំពុងមានជម្លោះពាណិជ្ជកម្មនឹងគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩។
យោងតាមប៉ូលិសដដែល បុរសខាងលើមាននាមត្រូកូល គីម បានបាត់បង់ជីវិតនៅក្រោយពេល បញ្ជូនទៅដល់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលនៅថ្ងៃសុក្រនេះ។ បុរសរូបនេះបានដុតសម្លាប់ខ្លួននៅក្នុងឡានរបស់គាត់ នៅចំណតមួយទល់មុខអគារស្ថានទូតជប៉ុន ប្រចាំទីក្រុងសេអ៊ូល។
គួរជម្រាបថា បើតាមប៉ូលិសទីក្រុងសេអ៊ូល លោក គីម បានប្រាប់មនុស្សជិតស្និទ្ធម្នាក់ នៅមុនឧបទ្ទវហេតុនេះកើតឡើងថា លោកនឹងដុតសម្លាប់ខ្លួនឯង ដើម្បីបង្ហាញការប្រឆាំងជំទាស់នឹងជប៉ុន។
ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ហាក់វិលទៅរកស្ថានការណ៍ តានតឹង កាន់តែខ្លាំងឡើងវិញ បន្ទាប់ពីតុលាការកូរ៉េខាងត្បូង បានសម្រេចឲ្យក្រុមហ៊ុនជប៉ុនសងជំងឺចិត្តកម្មករកូរ៉េខាងត្បូង ដែលបានធ្វើការងារលើសកម្លាំងពលកម្មកាលពីអតីតកាល ខណៈនៅជប៉ុនវិញ ការដាក់កំហិតទៅលើការនាំចេញវត្ថុធាតុដើមផលិតអេក្រង់ និងបន្ទះឈីប ទៅកាន់កូរ៉េខាងត្បូង ត្រូវបានអ្នកវិភាគមើលឃើញថា ជាចំណាត់ការសងសឹក៕