(តូក្យូ)៖ រដ្ឋមន្រ្តីការបរទេសជប៉ុនលោក កូណូ តារុ (Kono Taro) នាថ្ងៃសុក្រនេះ បានកោះហៅឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំទីក្រុងតូក្យូ លោក ណាំ ក្វានព្យោ (Nam Gwan Pyo) ដើម្បីសម្តែងការតវ៉ាជុំវិញបញ្ហាជម្លោះ ដែលកាន់តែតានតឹងរវាងប្រទេសទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩។
ភាគីជប៉ុនបង្ហាញក្តីជឿជាក់ថា ទីក្រុងសេអ៊ូលបានខកខានមិនអាចបង្កើត គណៈកម្មការអាជ្ញាកណ្តាលមួយតាមកាលកំណត់ ដើម្បីដោះស្រាយបញ្ហាវិវាទជុំវិញ រឿងការបង្ខិតបង្ខំកម្លាំងពលកម្មការងារ ពីសំណាក់ជប៉ុនមកលើប្រជាជនកូរ៉េខាងត្បូង កាលពីសម័យសង្រ្គាម។ លោក Kono បានប្រាប់លោក Nam ថា ការដែលកូរ៉េខាងត្បូង ប្រកែកមិនសហការក្នុងដំណើរការមជ្ឈត្តកម្មនេះ គឺជារឿងដ៏គួរឲ្យសោកស្តាយមួយ។
គួរជម្រាបថា ទីក្រុងតូក្យូបានទុកពេលត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ ឲ្យទីក្រុងសេអ៊ូលឆ្លើយតបសំណើរបស់ខ្លួន ក្នុងការបង្កើតគណៈកម្មការចម្រុះមួយ ដែលមាន ០៣ប្រទេសចូលរួម ដើម្បីដោះស្រាយបញ្ហាខាងលើ។ ជម្លោះនេះហើយ ដែលជាមូលហេតុជប៉ុនបានដាក់កំហិត លើការនាំចេញវត្ថុធាតុដើមមួយចំនួនទៅកាន់កូរ៉េខាងត្បូង ដែលពួកវាពិតជាមានសារៈសំខាន់ជាខ្លាំង សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់កូរ៉េខាងត្បូង៕