Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ករណីអគ្គីភ័យដ៏រន្ធត់នៅជប៉ុនដែលផ្តាច់ជីវិត៣៣នាក់ «អាចជាទង្វើរៀបចំទុកមុន» ព្រោះម្ចាស់ក្រុមហ៊ុននេះធ្លាប់ទទួលបានសារគំរាមសម្លាប់... (Video inside)

19-07-2019 11:52

(តូក្យូ)៖ ប្រធានក្រុមហ៊ុនផលិតគំនូរជីវចលជប៉ុន ដែលត្រូវបានគ្រោះអគ្គីភ័យលេបត្របាក់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបង្ហើបឲ្យដឹងថា កន្លងមកក្រុមហ៊ុនធ្លាប់ទទួលបាន «សារគំរាមដល់ជីវិត» ខណៈអាជ្ញាធរជប៉ុនកំពុងសង្ស័យថា វាអាចជាករណីមនុស្សលួចដុត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩។

លោក ហត្ថា ហៃដេអាគិ (Hatta Hideaki) ដែលជាប្រធានក្រុមហ៊ុនគំនូរជីវចលក្យូតូ (Kyoto Animation) បានប្រាប់ក្រុមអ្នកកាសែតយ៉ាងដូច្នេះថា «កន្លងមកនេះក្រុមហ៊ុនយើង ពិតជាធ្លាប់ទទួលបានសារអ៊ីលម៉ែល ដែលមានផ្ទុកអត្ថន័យគំរាមកំហែង និងប្រមាថដល់អាយុជីវិតប្រាកដមែន» ក៏ប៉ុន្តែលោកពុំបានបកស្រាយបញ្ជាក់លម្អិត ឲ្យវែងឆ្ងាយជាងនេះទៀតឡើយ។

គួរជម្រាបថា មកទល់ពេលនេះតួលេខនៃមនុស្សស្លាប់ ដោយសារគ្រោះអគ្គីភ័យខាងលើ បានកើនដល់ ៣៣នាក់។ រីឯបុរសជាជនសង្ស័យម្នាក់មានអាយុ ៤១ឆ្នាំ ត្រូវបានអាជ្ញាធរជប៉ុនចាប់ខ្លួន ហើយសាក្សីនៅមានជីវិតមួយចំនួនបានអះអាងថា បុរសរូបនេះបានស្រែកពាក្យថា «ស្លាប់ទៅ» មុននឹងរូបគេគប់វត្ថុម្យ៉ាង ចូលមកក្នុងអគារ របស់ក្រុមហ៊ុនខាងលើ។ យ៉ាងណាវានៅមិន ទាន់ច្បាស់នៅឡើយទេថា តើបុរសម្នាក់នោះជាអ្នកលួចដុតក្រុមហ៊ុនខាងលើប្រាកដមែន ឬយ៉ាងណា៕