(វ៉ាស៊ីនតោន)៖ បុរសជនជាតិអាមេរិកឈ្មោះ Brendt Christensen អាយុ៣០ឆ្នាំ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ត្រូវបានតុលាការអាមេរិកកាត់ទោសដាក់ពន្ធនាគារមួយជីវិត ដោយគ្មានលទ្ធភាពអាចត្រូវដោះលែងឡើយ ដោយសារតែការចាប់ពង្រត់ព្រមទាំងសម្លាប់បញ្ញាវន្តជនជាតិចិនម្នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩។
លោក Christensen ដែលជាអតីតនិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអាមេរិកមួយកន្លែង តាមពិតត្រូវប្រឈមនឹងទោសប្រហារជីវិតឯណោះ ប៉ុន្តែមេធាវីរបស់លោកបានចេញមុខទទួលស្គាល់នូវកំហុសរបស់ឃាតករូបនេះ។ លោក Christensen បានចាប់ពង្រត់អ្នកនាង Zhang Yingying ដែលជាបញ្ញាវន្តចិន កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណតរថយន្តក្រុងមួយកន្លែង ក្បែរសាកលវិទ្យាល័យ Illinois ក្នុងក្រុង Champaign។
បើតាមរដ្ឋអាជ្ញាអាមេរិក លោក Christensen បានបញ្ឆោតអ្នកនាង Zhang ឲ្យចូលទៅក្នុងរថយន្តរបស់ខ្លួន មុនចាប់ច្របាច់ក រួចប្រើដំបងវាយ និងកាំបិតចាក់លើរូបនាង ហើយជាចុងក្រោយក៏បានកាត់សាកសពអ្នកនាង Zhang ជាកង់ៗ ដើម្បីយកទៅបោះចោល ខណៈសាកសពរបស់បញ្ញវន្តចិនរូបនេះ មិនត្រូវបានគេរកឃើញឡើយ។
គួរជម្រាបថា គោលដៅទៅទស្សនកិច្ចនៅឯសហរដ្ឋអាមេរិករបស់អ្នកនាង Zhang ដែលកាលនោះមានអាយុ២៦ឆ្នាំ គឺដើម្បីធ្វើការសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យ Illinois ដោយអ្នកនាងជាជំនួយការគ្រូបង្រៀនផ្នែករូបវិទ្យា។ រីឯ លោក Christensen ត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ក្រោយពីលោកបានរៀបរាប់នូវរបៀបដែលលោកសម្លាប់អ្នកនាង Zhang ប្រាប់ដល់អតីតមិត្តស្រីរបស់ខ្លួន ដែលកាលនោះបានលួចថតសំឡេងសន្ទនារវាងអ្នកទាំងពីរ៕