(ញូដេលី)៖ ក្រោយជួបបញ្ហាដែលត្រូវបង្ខំឲ្យអាក់ខានកាលពីដើមសប្តាហ៍នេះ ទីបំផុតឥណ្ឌាកំណត់បានកាលបរិច្ឆេទថ្មី សម្រាប់ ការចេញបេសកកម្មឆ្ពោះទៅកាន់ឋានព្រះច័ន្ទ គឺនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទសប្តាហ៍ក្រោយវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩។
នាថ្ងៃព្រហស្បតិ៍នេះ អង្គការអវកាសស្រាវជ្រាវផ្នែកអវកាសឥណ្ឌា ISRO បានប្រកាសថា បេសកកម្ម Chandrayaan-2 ដែលជា ការបញ្ជូនយានអវកាសជាលើកទីពីរទៅកាន់ព្រះច័ន្ទ នឹងត្រូវធ្វើឡើងនៅម៉ោង០២៖៤៣នាទីរសៀល (ម៉ោងនៅឥណ្ឌា ខណៈនៅកម្ពុជា ម៉ោង០៤៖១៣នាទីល្ងាច) ថ្ងៃចន្ទ ទី២២ ខែកក្កដានេះ បន្ទាប់ពីគម្រោងនេះត្រូវបានផ្អាកកាលពីថ្ងៃទី១៥ ខែកក្កដា ព្រោះតែបញ្ហាបច្ចេកទេស ដែលបើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាផ្ទាល់ គឺអាចដោយសាររកឃើញការលេចឥន្ធនៈនៅក្នុងគ្រាប់រ៉ុក្កែត ដែលត្រូវបាញ់បង្ហោះឡើងទីអវកាស។
គួរជម្រាបថា ការសម្រេចផ្អាកបេសកកម្មខាងលើ គឺត្រូវបានធ្វើឡើង ដោយនៅសល់តែ៥៦នាទីប៉ុណ្ណោះ មុនពេលបេសកកម្ម Chandrayaan-2 ត្រូវបានផ្តើម។ បេសកកម្មលើកទីពីរនេះ ខុសពីបេសកកម្មលើកទីមួយ Chandrayaan-1 ត្រង់ថា ឥណ្ឌានឹង បញ្ជូនយានឲ្យទៅចុះចតផ្ទាល់លើផ្ទៃព្រះច័ន្ទថែមទៀត មិនត្រឹមតែទៅគោចរឡើយដូចកាលលើកមុនឡើយ។ បើជោគជ័យ ឥណ្ឌានឹងក្លាយជាប្រទេសទី៤ ដែលបានសម្រេចគោលដៅនេះ បន្ទាប់ពីសហភាពសូវៀត (រុស្ស៊ី) អាមេរិក និង ចិន៕