(រ៉ូម)៖ ក្រុមបច្ចេកវិទ្យាចិន Huawei បានរិះគន់រដ្ឋាភិបាលអ៊ីតាលីយ៉ាងខ្លាំង ចំពោះការបង្កើន អំណាចរបស់ខ្លួន ដើម្បីធ្វើអន្តរាគមលូកដៃចូលក្នុងកិច្ចការអភិវឌ្ឍប្រព័ន្ធ 5G ដោយចាត់ទុក វាជាទង្វើរើសអើងប្រឆាំងក្រុមហ៊ុនយក្សចិនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Japan Times នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩។
លោក Luigi De Vecchis ជាប្រធានក្រុមហ៊ុន Huawei ប្រចាំប្រទេសអ៊ីតាលី បានធ្វើការកត់សម្គាល់ ខាងលើនៅចំពោះសមាជិកសភាអ៉ីតាលី ក្រោយរដ្ឋាភិបាលទីក្រុងរ៉ូម ដាក់ចេញនូវក្រិត្យ ជាបន្ទាន់មួយកាលពីសប្ដាហ៍មុន ដើម្បីបង្កើនអំណាងក្នុងការលូកដៃចូលកិច្ចការវិស័យឯកជន។
រដ្ឋាភិបាលអ៊ីតាលីបានអះអាងថាខ្លួនធ្វើបែបនេះដោយសារតែព្រួយបារម្ភពីសក្ដារនុពលរបស់ Huawei និង ZTE Corp ក្នុងការអភិវឌ្ឍប្រព័ន្ធ 5G ដែលសហរដ្ឋអាមេរិកចោទថាមានគោលដៅស៊ើបការណ៍សំងាត់ផ្នែកពាណិជ្ជកម្មឱ្យរដ្ឋាភិបាលចិន។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានបញ្ចុះបញ្ចូលអ៊ីតាលី និងបណ្ដាប្រទេសអឺរ៉ុបដទៃទៀត កុំឱ្យប្រើប្រាស់បរិក្ខាឬបច្ចេកវិទ្យា Huawei ព្រមទាំងត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះក្រុមហ៊ុន ZTE ដោយចោទថាក្រុមហ៊ុនទាំងពីរនេះអាចនឹងបង្កហានិភ័យដល់ផ្នែកសន្តិសុខជាតិ។ ប៉ុន្តែ ក្រុមហ៊ុន Huawei និង ZTE បានច្រានចោលការចោទប្រកាន់នេះ៕