(ប៊ែលក្រេត)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាកាសចរណ៍ លូហ្វថាន់សា (Lufthansa) នៃប្រទេសអាល្លឺម៉ង់ ដែលគ្រោងធ្វើដំណើរទៅកាន់ទីក្រុង ហ្វ្រែងហ្វឺត (Frankfurt) បានបង្ខំចិត្តចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានរដ្ឋធានីប៊ែលក្រេត (Belgrade) នៃប្រទេសស៊ែប៊ី ក្រោយរងការព្រមានថា មានគ្រាប់បែកផ្ទុកនៅលើយន្តហោះនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩។
ទូរទស្សន៍រដ្ឋស៊ែប៊ីបានចេញផ្សាយថា អ្នកដំណើរសរុប ១៣០នាក់ និងក្រុមបម្រើការងារលើយន្តហោះ ០៥នាក់ត្រូវបានជម្លៀសចេញពីយន្តហោះភ្លាមៗ ក្រោយពីវាបានចុះចតដោយជោគជ័យនៅឯអាកាសយានដ្ឋាន Belgrade របស់ប្រទេសអឺរ៉ុបមួយនេះ។ ជើងហោះហើរខាងលើនេះមានលេខសម្គាល់ LH 1411 បានចុះចតនាវេលាម៉ោង ៦៖១៥នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅអឺរ៉ុបខាងកើត) ក្រោយពីជនមិនស្គាល់អត្តសញ្ញាណ បានទូរស័ព្ទមកប្រាប់ថា នៅលើយន្តហោះមានគេដាក់បង្កៃគ្រាប់បែកហើយ។
គួរបញ្ជាក់ថា ក្រោយធ្វើការចុះចត និងជម្លៀសមនុស្សម្នាចេញអស់ មន្ត្រីប៉ូលិសជំនាញបានពង្រាយកម្លាំងចូលទៅពិនិត្យយន្តហោះនោះភ្លាមៗតែម្តង ប៉ុន្តែគ្មានគ្រាប់បែក ឬវត្ថុសង្ស័យអ្វីនោះឡើយ។ ពេលនេះប៉ូលិសកំពុងស៊ើបអង្កេត រកជនដែលបានបង្ករឿងប្រឌិតនោះ ខណៈក្រោយមកទៀតជើងហោះហើរ ត្រូវបានអនុញ្ញាតបន្តហោះទៅកាន់ទីក្រុងហ្វ្រេងហ្វឺត ប្រទេសអាល្លឺម៉ង់ជាធម្មតាវិញ៕