(តូត្យូ)៖ ចំនួនមនុស្សស្លាប់បានកើនឡើងដល់១៣នាក់ និង៣៥នាក់ទៀត រងរបួសនៅក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះស្ទូតឌីយ៉ូមួយកន្លែង របស់ក្រុមហ៊ុនផលិតគំនូរជីវចល ក្នុងទីក្រុងក្យូតូ (Kyoto) ភាគខាងលិចប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Daily Sabah នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩។
យោងតាមក្រុមអ្នកពន្លត់អគ្គីភ័យ ភ្លើងបានឆាបឆេះស្ទូតឌីយ៉ូរបស់ក្រុមហ៊ុន Kyoto Animation នៅម៉ោងប្រមាណ ១០៖៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានសំឡេងផ្ទុះបានកើតឡើង។ ក្រុមពន្លត់អគ្គិភ័យបានបំពេញប្រតិបត្តិការរបស់ពួកគេ យ៉ាងសស្រាក់សស្រាំ រហូតដល់អាចពន្លត់អគ្គីភ័យទាំងស្រុង នាវេលារសៀលថ្ងៃព្រហស្បតិ៍នេះ ខណៈមិនមានភ្លើងឆាបឆេះរាលដាល ដល់អាគារក្បែរខាងនោះឡើយ។
គួរបញ្ជាក់ថា មូលហេតុនៃអគ្គីភ័យនេះមិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ស្របពេលការស៊ើបអង្កេតកំពុងធ្វើឡើង លើបុរសម្នាក់ដែលត្រូវបានអាជ្ញាធរជប៉ុនចាប់ខ្លួន។ អាជ្ញាធរជប៉ុនក៏បានបញ្ជាក់ទៀតដែរថា ចំនួនមនុស្សស្លាប់អាចនឹងកើនឡើង ព្រោះសាក្សីនៅកន្លែងកើតហេតុបានអះអាងថា មនុស្សមួយចំនួនបានសម្រេចលោតពីលើអគារ តែម្តងដើម្បីគេចចេញពីភ្លើងមច្ចុរាជ៕