(តេហេរ៉ង់)៖ នៅថ្ងៃពុធសប្តាហ៍នេះ កងទ័ពអាកាសរបស់អ៊ីរ៉ង់ បានទទួលយកយន្តហោះដ្រូន-ចម្បាំងប្រភេទ មូហាហ្សែរ-៦ (Mohajer-6) ដែលផលិតនៅក្នុងស្រុកលើកដំបូងបង្អស់ ដែលកាលពីមុនដ្រូនចម្បាំងប្រភេទនេះ សម្រាប់តែឲ្យកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ប្រើប្រាស់តែប៉ុណ្ណោះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Sputnik នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្តដា ឆ្នាំ ២០១៩។
តាមរយៈឧត្ដមសេនីយឯក ហ្សាហ៍រ៉ាម ហាស្សានណេចាដ (Shahram Hassannejad) ដែលជាប្រធានអង្គភាពយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់បានឲ្យដឹងថា ការទទួលបាននេះ នឹងបើកទំព័រយុគសម័យថ្មី នៃការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ក្នុងការធ្វើប្រតិបត្តិការរបស់កងកម្លាំងទ័ពអាកាសអ៊ីរ៉ង់។ ការបញ្ចេញនេះ គឺបានកើតមានឡើងស្របពេលដែលសហរដ្ឋអាមេរិក កំពុងកៀរគរសម្ព័ន្ធមិត្តឲ្យបង្កើតកងកម្លាំងចំរុះ ដើម្បីការពារតំបន់ច្រកសមុទ្រដោយសំអាងថា ប្រទេសអ៊ីរ៉ង់កំពុងបង្កការគំរាមកំហែងក្នុងតំបន់ច្រកសមុទ្រអន្តរជាតិ។
មេបញ្ជាការទ័ពអ៊ីរ៉ង់បានលើកឡើងយ៉ាងដូច្នេះថា «ជាមួយនឹងការដាក់ពង្រាយ យន្តហោះគ្មានមនុស្សបើកប្រភេទទាំងនេះ សកម្មភាពគំរាមកំហែងណាមួយនៅព្រំដែនអ៊ីរ៉ង់ ឬសូម្បីតែហួសពីព្រំដែន ក៏នឹងត្រូវកំណត់បានអត្តសញ្ញាណដែរ ដូច្នេះយើងនឹងកម្ចាត់វាចោលបាន ទាន់ពេលវេលាមុននឹងវាកើតឡើង»។
លោកឧត្តមសេនីយឯកក៏បានបញ្ជាក់ទៀតដែរថា យន្តហោះចម្បាំងគ្មានមនុស្សបើកប្រភេទ Mohajer-6 នេះគឺត្រូវបានផលិតឡើង ដោយការសហការរវាងកងទ័ពអ៊ីរ៉ង់ ក្រសួងការពារជាតិ និងអង្គការឧស្សាហកម្មអាកាសចរណ៍អ៊ីរ៉ង់ (IAIO) ។
គួរបញ្ជាក់ថា យន្តហោះដ្រូន Mohajer-6 មានលក្ខណៈពិសេសខាងឈ្លបយកការណ៍ និងអាចឃ្លាំមើលហេតុការណ៍ពីចំងាយបានយ៉ាងល្អ។ លើសពីនោះទៀត វាមានសមត្តិភាពក្នុងការបើកប្រតិបត្តិការយោធាយ៉ាងរហ័ស អាចកំណត់គោលដៅបានល្អ ហើយអាចប្រើប្រាសគ្រប់ខណ្ឌអាកាសធាតុ និងទីតាំងភូមិសាស្ត្រ។ យន្តហោះចម្បាំងគ្មានមនុស្សបើកប្រភេទ Mohajer-6 នេះ ត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងខែមេសា ឆ្នាំ២០១៧ និងបានចាប់ផ្តើមផលិតនៅឆ្នាំ ២០១៨ កន្លងទៅនេះ៕