សភាអាមេរិក អនុម័តដំណោះស្រាយហាម លោក ដូណាល់ ត្រាំ លក់អាវុធឱ្យបណ្ដាប្រទេសអារ៉ាប់
18-07-2019 11:40
(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រអាមេរិក គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានអនុម័តលើដំណោះស្រាយចំនួន៣ ដើម្បីរារាំងរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការលក់អាវុធឱ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ដោយគា្មនការ ត្រួតពិនិត្យ ឬការយល់ព្រមពីសភា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩។
ដំណោះស្រាយចំនួន៣ខាងលើ ក្នុងនោះមានដំណោះស្រាយចំនួន២ ត្រូវបានអនុម័ត នៅថ្ងៃពុធសប្ដាហ៍នេះ ក្នុងសំឡេងគាំទ្រ ២៣៨ ទល់នឹង១៩០សំឡេង ខណៈដំណោះស្រាយ ទី៣ក្នុងសំឡេង២៣៧ ទល់នឹង១៩០សំឡេង។ ម្យ៉ាងវិញទៀត ការបោះឆ្នោតអនុម័តនេះ ទៀតសោត ក៏ធ្វើឡើងជាការឆ្លើយតបទៅនឹងលោក ដូណាល់ ត្រាំ ផងដែរ ដែលបានប្រកាសកាលពីខែឧសភា ពីភាពបន្ទាន់និងចំាបាច់ក្នុងការលក់អាវុធមានតម្លៃជាង ៨.១ពាន់លានដុល្លារ ដល់សម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់ការគំរាមកំហែងពីអ៉ីរ៉ង់។
គួររំលឹកថា កាលពីខែមិថុនា ព្រឹទ្ធសភាគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋក៏បានអនុម័ត ផងដែរលើដំណោះស្រាយបិទខ្ទប់ការលក់អាវុធរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ។ ប៉ុន្តែ ខាងសេតវិមានបានបញ្ជាក់ថា លោកត្រាំ នឹងប្រើសិទ្ធិវេតូជំទាស់នឹងការសម្រេចចិត្តនេះ៕