(ម៉ានីល)៖ ខណៈ០៣ឆ្នាំបានកន្លងផុតទៅហើយនៃអាណត្តិកាន់អំណាច ដែលនឹងមានរយៈពេលសរុប ០៦ឆ្នាំ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅតែបន្តទទួលបានការទុកចិត្ត និងគាំទ្រខ្ពស់ពីសំណាក់ប្រជាជនហ្វីលីពីនដដែល។ នេះបើតាមការស្ទង់មតិមួយចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩។
ការស្ទាបស្ទង់មតិដែលទើបចេញផ្សាយថ្ងៃពុធនេះ ដោយក្រុមហ៊ុនហ្វីលីពីន ផាលស៍អាស៊ី (Pulse Asia) បន្ទាប់ពីវាបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមិថុនាបានបង្ហាញថា ៨៥ភាគរយនៃប្រជាជនហ្វីលីពីនដែលបានផ្តល់កិច្ចសម្ភាសន៍នៅទូទាំងប្រទេសប្រមាណ ១,២០០នាក់នាបអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ពួកគេបានសម្តែងការគាំទ្រចំពោះរបៀបដឹកនាំប្រទេសរបស់លោក ឌូតឺតេ ហើយពលរដ្ឋហ្វីលីពីន ៨៥ភាគរយ ក៏នៅតែបន្តមានការជឿជាក់ខ្ពស់ ចំពោះមេដឹកនាំវ័យ ៧៥ឆ្នាំរូបនេះផងដែរ។
គួរជម្រាបថា លោក ឌូតឺតេ បានឡើងកាន់អំណាចកាលពីខែមិថុនា ឆ្នាំ២០១៦ ជាមួយការប្តេជ្ញាកម្ចាត់អំពើពុករលួយ និងពង្រឹងច្បាប់ ក៏ដូចជាសន្តិសុខសណ្តាប់ធ្នាប់នៅទូទាំងប្រទេសហ្វីលីពីន តាមរយៈការបើកយុទ្ធនាការបង្រ្កាបក្តៅគគុកប្រឆាំងឧក្រិដ្ឋជន និងក្រុមភេរវករ។ ប្រធានាធិបតីហ្វីលីពីនជាទូទៅកាន់តំណែងបានតែមួយអាណត្តិគត់។ អាណត្តិរបស់លោក ឌូតឺតេ នឹងត្រូវ ផុតនៅឆ្នាំ២០២២។
ការស្ទង់មតិខាងលើនេះ ក៏ជាការសបញ្ជាក់ឲ្យឃើញដែរថា ខណៈប្រទេសដទៃៗថ្កោលទោស ចំពោះរបៀបដឹកនាំប្រទេសរបស់លោក ឌូតឺតេ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស ព្រមទាំងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដោយប្រើកណ្តាប់ដៃដែក របស់មេដឹកនាំហ្វីលីពីនរូបនេះក៏ដោយក្តី ក៏ប្រជាជនភាគច្រើន ដែលកំពុងរស់នៅក្នុងទឹកដីហ្វីលីពីនផ្ទាល់នៅតែគាំទ្រ និងជឿជាក់លើលោក ឌូតឺតេ៕