(អង់ការ៉ា)៖ បន្ទាប់ពីទីក្រុងអង់ការ៉ាបានចាប់ផ្តើមទទួលយកប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី ដើម្បីយកមកដំឡើងការពារសុវត្ថិភាពដែនអាកាស នៃប្រទេសរបស់ខ្លួននោះ ប្រជាជនតួកគីយ៉ាងច្រើនកុះករបាននាំគ្នាបង្ហាញការគាំទ្រ ក៏ដូចជាសាទរចំពោះមេដឹកនាំពួកគេ ដែលបានប្រកាន់ជំហរយ៉ាងរឹងមាំ ជុំវិញការសម្រេចទិញសព្វាវុធនេះពីទីក្រុងម៉ូស្គូ នៅចំពោះមុខការគំរាមគំហែងរបស់អាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩។
ចាប់តាំងពីសប្តាហ៍មុនមកដល់ថ្ងៃពុធនេះ យន្តហោះយោធាខ្នាតធំរុស្ស៊ីសរុបចំនួន ១២គ្រឿងហើយ ដែលបានដឹកជញ្ជូនបរិក្ខារបស់ប្រព័ន្ធ S-400 បានមកចុះចតនៅប្រទេសតួកគី ហើយទីក្រុងអង់ការ៉ាក៏កំពុងចាប់ផ្តើមដំណើរការដំឡើងបណ្តើរៗផងដែរ ដោយ វាអាចនឹងហើយជាស្ថាពរទាំងស្រុងនៅខែមេសា ឆ្នាំ២០២០។ អ្នកប្រើប្រាស់បណ្តាញសង្គមតួកគីជាច្រើននាក់ បានបង្ហោះសារ គាំទ្រនិងអបអរសាទរប្រទេសពួកគេ ដែលនៅទីបំផុតអាចទទួលបាន សព្វាវុធការពារដែនអាកាសនេះ។
គួរជម្រាបថា ក្នុងចំណោមអ្នកទាំងនោះ ក៏មានអ្នកខ្លះចំអកឲ្យសហរដ្ឋអាមេរិក ដែលកន្លងមកនេះបានខិតខំលួងលោមផង និងគំរាមផង ដើម្បីកុំឲ្យតួកគីទទួលយក S-400 ខណៈដែលតួកគីបានចុះកិច្ចព្រមព្រៀង តម្លៃរាប់ពាន់លានដុល្លារជាមួយប្រទេសរុស្ស៊ី ដើម្បីទិញវាកាលពីចុងឆ្នាំ២០១៧។ ក្រៅពីនេះក៏មានការកោតសរសើរ ចំពោះសព្វាវុធរុស្ស៊ីថា ជារបស់មានគុណភាព និងតម្លៃសមរម្យថែមទៀត។
ទោះជាបែបនេះក្តី ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទើបតែបានប្រកាសក្តៅៗថា រដ្ឋបាលលោកនឹងមិនលក់យន្តហោះចម្បាំង F-35 ដែលតួកគីចង់ទិញទៀតឡើយ ខណៈតួកគីបានចំណាយលុយខ្ទង់ពាន់លានដុល្លារ ដើម្បីចូលរួមក្នុងកិច្ចប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍន៍ F-35 ជាមួយបណ្តាប្រទេសមួយចំនួនទៀត ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិក៕