(វ៉ាស៊ីនតោន)៖ F-35 គឺជាយន្ដហោះចម្បាំងបំបាំងកាយល្អដាច់គេនៅលើពិភពលោក ផលិតឡើងដោយក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin។ វាមានកៅអី សម្រាប់ពីឡុតតែម្នាក់គត់ និងជាប្រភេទយន្ដហោះចម្បាំងពហុតួនាទីជំនាន់ទី ៥ ដែលត្រូវបានរចនាឡើងសម្រាប់ការវាយប្រហារទាំងលើផ្ទៃអាកាស និងទៅលើដី។
F-35 មានតម្លៃក្នុងមួយគ្រឿង ៨០លានដុល្លារឡើង (ទើបចុះថ្លៃ) ទៅតាមប្រភេទយន្ដហោះចម្បាំងនេះ ដែលមានសរុបចំនួនបីប្រភទគឺ៖ ទី ១ ប្រភេទ F-35A ជាប្រភេទយន្ដហោះចម្បាំងអាចហោះឡើង និងចុះចតធម្មតា, ទី ២ ប្រភេទ F-35B អាចហោះឡើង និងចុះចតដូចឧទ្ធម្ភាគចក្រ និងទី ៣ ប្រភេទ F-35C ជាប្រភេទយន្ដហោះចម្បាំងសម្រាប់ដាក់ឲ្យដំណើរការលើនាវាផ្ទុកយន្ដហោះចម្បាំង។
* សមត្ថភាពរបស់យន្តហោះចម្បាំង F-35
យន្ដហោះ F-35 ដំណើរការដោយ Pratt និង Whitney F135 ជាម៉ាស៊ីនមួយប្រភេទផលិត ឡើងយ៉ាងពិសេសសម្រាប់យន្ដហោះចម្បាំងទាំង ៣ ប្រភេទនេះ។ F-35B មានទម្ងន់ ២៧.២តោន នៅពេលបំពាក់អាវុធសម្រាប់ប្រយុទ្ធ រីឯយន្តហោះចម្បាំងលំដាប់ F35A និង F-35B មានទម្ងន់ដូចគ្នាគឺ ៣១.៨តោន។ យន្ដហោះចម្បាំងបំបាំងកាយទាំងនេះ មានសមត្ថភាពហោះហើរក្នុងល្បឿនជាអតិបរមា ២,០០០គីឡូម៉ែតក្នុងមួយម៉ោង និងអាចរត់បានចំងាយជាមធ្យមចាប់ពី ១,៦៦៦-២,២០០គីឡូម៉ែត្រឯណោះ។
* អាវុធសម្ងាត់ពិសេសបំផុតរបស់ F-35
លក្ខណៈពិសេស និងល្បីល្បាញរបស់ F-35 អាចបំបាំងកាយមិនឱ្យរ៉ាដាសត្រូវចាប់សញ្ញាបាន ប៉ុន្តែរបៀបបំបាំងកាយនេះ មិនត្រូវបានគេទម្លាយឱ្យដឹងនោះទេ ព្រោះវាជាកិច្ចការសំងាត់។ យន្ដហោះចម្បាំងនេះ ក៏មានបំពាក់ផងដែរនូវកាមេរ៉ា៣៦០ដឺក្រេ ដែលផ្តិតយករូបភាពយ៉ាងទាំងពេលយប់ និងពេលថ្ងៃ ព្រមទាំងបំពាក់ទៅដោយអាវុធទំនើបៗ រួមទាំង មីស៊ីល គ្រាប់បែក ប្រព័ន្ធស៊ើបការណ៍សំងាត់ និងប្រព័ន្ធអេឡិចត្រូម៉ាញេទិចជាដើម។
* ប្រទេសដែលចូលរួមផលិត និងធ្វើប្រតិបត្តិការ F-35
យោធាអាមេរិកមានយន្ដហោះចម្បាំងបំបាំងកាយ F-35 ច្រើនជាង ២០០គ្រឿង ក្នុងនាមជាអ្នកប្រតិបត្តិការយន្ដហោះចម្បាំងនេះធំជាងគេបំផុត។ ចំណែកឯ ប្រទេសដទៃដែលបានទិញ និងកំពុងបញ្ជាទិញ F-35 រួមមានជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី សិង្ហបុរី តួកគី អ៊ីតាលី អង់គ្លេស និងអ៊ីស្រាអែល។
ដោយឡែក ប្រទេសចូលរួមក្នុងកម្មវិធីអភិវឌ្ឍយន្ដហោះចម្បាំងនេះ ជាមួយអាមេរិកមានដូចជា អង់គ្លេស អ៊ីតាលី ហូឡង់ តួកគី កាណាដា អូស្ត្រាលី ដាណឺម៉ាក ន័រវែស អ៊ីស្រាអែល ជប៉ុន និងកូរ៉េខាងត្បូង។ ដោយឡែកចក្រភពអង់គ្លេស និងជប៉ុន គឺជាប្រទេសដែលទិញ
F-35 ច្រើនជាងគេបំផុត ប៉ុន្តែមានតែសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប៉ុណ្ណោះដែលធ្លាប់បានប្រើប្រាស់វានៅក្នុងប្រតិបត្តិការយោធា ជាពិសេសនៅក្នុងសង្គ្រាមស៊ីរី។
* ការរិះគន់ និងជម្លោះពាក់ព័ន្ធនឹង F-35
យន្ដហោះចម្បាំង F-35 ត្រូវបានចាប់ផ្ដើមផលិតក្នុងឆ្នាំ២០០១ ហើយធ្វើការហោះហើរ ជាលើកដំបូងនៅឆ្នាំ២០០៦ ព្រមទាំងត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅឆ្នាំ២០១៥ ក្រោយកងម៉ារីនអាមេរិកប្រកាសថា យន្ដហោះចម្បាំងនេះត្រៀមខ្លួនប្រយុទ្ធជាស្រេច។
F-35 ដ្បិតតែជាយន្ដហោះល្អដាច់គេនៅលើពិភពលោក តែវាមិនមែនល្អឥតខ្ចោះ រហូតដល់មិនចេះមានបញ្ហានោះទេ។ ជាក់ស្ដែងរបាយការណ៍របស់មន្ទីរបញ្ចកោណ ចេញផ្សាយក្នុងឆ្នាំ២០១៦ បានរកឃើញថា F-35 មានបញ្ហាដ៏ចម្លែកនោះគឺដោយសារ តែវាប្រើប្រាស់ប្រេងឥន្ធនៈ ដើម្បីធ្វើឱ្យផ្នែកក្ដៅខ្លះនៃយន្ដហោះចុះត្រជាក់ ប៉ុន្តែជាធម្មតាប្រេងឥន្ធនៈនៅក្នុងលក្ខខណ្ឌអាកាសធាតុខ្លះ គេត្រូវតែរក្សាវានៅក្រោមសីតុណ្ហភាពត្រជាក់ មុននឹងបូមបញ្ចូលលើយន្ដហោះ។
យ៉ាងណាក៏ដោយ នេះគ្រាន់តែជាបញ្ហាតូចតាចប៉ុណ្ណោះ រីបញ្ហាធំគឺនៅលើតម្លៃឯណោះ ទៅវិញទេ។ ក្រុមអ្នករិះគន់យល់ថា តម្លៃបច្ចុប្បន្នរបស់ F-35 ថ្លៃហួសហេតុពេក រហូតធ្វើឱ្យប្រទេសខ្លះរាករែកក្នុងការបញ្ជាទិញ។ ជាឧទាហរណ៍ អាល្លឺម៉ង់កាលពីមករា កន្លងទៅបានសម្រេចចិត្តយកយន្ដហោះចម្បាំង Tornado មកជំនួសកន្លែង F-35 វិញ ក៏ដោយសារតែបញ្ហាតម្លៃខ្ពស់កប់ពពកនេះដែរ ស្របពេលទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណាក្នុងការបញ្ចុះតម្លៃវាខ្លះទៀត។
សម្រាប់ជម្លោះដែលទើបលេចឡើងក្តៅៗនេះ គឺសហរដ្ឋអាមេរិកគ្រោងដកតួកគី ចេញពីកម្មវិធីអភិវឌ្ឍន៍ F-35 ខណៈដែលតួកគីក៏ជាប្រទេសធំមួយ នៅក្នុងការចូលរួមអវិឌ្ឍន៍វាដែរ។ ប្រទេសតួកគីបានទិញប្រព័ន្ធការពារមីស៊ីល S-400 ពីរុស្ស៊ី ដែលសហរដ្ឋអាមេរិក និងអង្គការ NATO (តួកគីជាសមាជិកដែរ) ចាត់ទុកជាការបំផ្លាញយុទ្ធសាស្ត្រយោធាក្នុងតំបន់។ តួកគីអះអាងថា សហរដ្ឋអាមេរិកមិនអាចធ្វើបែបនេះឡើយ ប៉ុន្តែគេនៅមិនទាន់ដឹងថា តើរឿងនេះនឹងវិវឌ្ឍន៍ទៅជាយ៉ាងណាបន្តទៀតឡើយ។
* ប្រព័ន្ធសុវត្ថិភាពរបស់ F-35
យន្ដហោះចម្បាំង F-35 ធ្លាប់ធ្លាក់តែពីរលើកគត់នៅរដ្ឋ សោតខារ៉ូលីណា (South Carolina) កាលពី ឆ្នាំ២០១៨ និងនៅជប៉ុនក្នុងឆ្នាំ២០១៩ នេះ។ ប៉ុន្តែមូលហេតុធ្លាក់ទាំងពីរលើកនេះ មិនត្រូវបានគេបញ្ជាក់ឱ្យច្បាស់ឡើយ។ ម្យ៉ាងវិញទៀត មកទល់នឹងពេលនេះក៏មិនទាន់មានការ ទទួលស្គាល់ជាផ្លូវការថា អាវុធណាមួយអាចបាញ់ទម្លាក់យន្ដហោះចម្បាំង F-35 បានដែរ បើទោះជារុស្ស៊ីអួតថា ខ្លួនមានអាវុធលឿនជាងសំឡេង, មាន S-300
និង S-400 ក៏ដោយ៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន Reuters (ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩)