(ប៉ារីស)៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុមកពីបណ្តាប្រទេសមានសេដ្ឋកិច្ចកំពូលទាំង០៧ (G7) នៅឯប្រទេសបារាំង នាសប្តាហ៍នេះ នឹងផ្តោតសំខាន់ទៅលើបញ្ហារូបិយវត្ថុឌីជីថល (cryptocurrency) ជាពិសេសនោះ គឺរូបិយវត្ថុឌីជីថលថ្មីហៅថា Libra ដែលក្រុមហ៊ុនបណ្តាញសង្គមអាមេរិក Facebook គ្រោងនឹងដាក់ឲ្យធ្វើចរាចរណ៍នៅឆ្នាំក្រោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩។
បើតាមរដ្ឋមន្រ្តីហិរញ្ញវត្ថុបារាំង លោក Bruno Le Maire ដែលជាអ្នកទទួលរៀបចំកិច្ចប្រជុំខាងលើ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ G7 លើកនេះ នឹងផ្តោតជាសំខាន់ទៅលើវិធានការដើម្បីគ្រប់គ្រងហានិភ័យ ដែលអាចបង្កឡើងដោយការបង្កើតរូបិយវត្ថុឌីជីថលថ្មី ជាពិសេសនោះគឺ Libra របស់ Facebook ក្នុងចំណោមប្រធានបទសំខាន់ៗមួយចំនួនទៀត។
គួរជម្រាបថា ក្រុមហ៊ុន Facebook អាចប្រឈមនឹងការរងពិន័យមួយលានដុល្លារក្នុងមួយថ្ងៃ ប្រសិនបើហ៊ានដាក់ឲ្យដំណើរការគម្រោងរូបិយវត្ថុឌីជីថល Libra របស់ខ្លួន បន្ទាប់ពីក្រុមអ្នកតំណាងរាស្រ្តអាមេរិក បានតាក់តែងសំណើច្បាប់មួយ ដែលមានគោលដៅហាមឃាត់ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗ ក្នុងការធ្វើប្រតិបត្តិការក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុ ឬក៏ដាក់ចេញនូវរូបិយវត្ថុឌីជីថលផ្ទាល់ខ្លួន ដោយសារតែព្រួយបារម្ភខ្លាចថា រូបិយវត្ថុឌីជីថលដូចជា Libra ត្រូវគេយកប្រើប្រាស់ជាការក្លែងបន្លំនានា ដោយមិនមានការគ្រប់គ្រងត្រឹមត្រូវ៕