(តេហេរ៉ង់)៖ អ៊ីរ៉ង់បដិសេធយ៉ាងដាច់អហង្កា ចំពោះការលើកឡើងថា ខ្លួនមានបំណងចង់លើកយកកម្មវិធីមីស៊ីលរបស់ខ្លួន មកចរចាជាមួយភាគីអាមេរិក ព្រោះរឿងបែបនេះគឺមិនអាចកើតមានឡើងនោះឡើយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃពុធ ទី១៧ ខែកក្តដា ឆ្នាំ២០១៩។
អ្នកនាំពាក្យប្រទេសអ៊ីរ៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិបាននិយាយថា «ទោះបីជាស្ថិតក្នុងលក្ខខណ្ឌកម្មណាក៏ដោយ ក៏កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ មិនអាចត្រូវយកមកចរចាបានដែរ»។ ការបដិសេធនេះត្រូវបានធ្វើឡើងនៅក្រោយលោករដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ មូហាំម៉ាត់ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) បានលើកឡើងក្នុងបទសម្ភាសន៍មួយថា កម្មវិធីមីស៊ីលរបស់ខ្លួនអាចនឹងចរចាគ្នាបាន ដរាបណាទណ្ឌកម្មត្រូវបានដក។
គួរបញ្ជាក់ថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាន់តែឡើងកម្តៅខ្លាំងឡើង នៅក្រោយពីលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រេចចិត្តដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ជាឯកតោភាគី កាលពីឆ្នាំ២០១៨ កន្លងទៅនេះ។
ជាការឆ្លើយតប ភាគីអ៊ីរ៉ង់បានប្រកាសកាលពីដើមខែកក្កដានេះថា ខ្លួនបានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម លើសពីអ្វីដែលបានកំណត់ក្នុងកិច្ចព្រមព្រៀង។ ប៉ុន្តែប្រទេសនេះ នៅតែអះអាងថា ខ្លួនគឺគ្មានបំណងបង្កើតអាវុធនុយក្លេអ៊ែរនោះទេ ព្រោះបើចង់មានអាវុធនេះមែន គឺអ៊ីរ៉ង់អាចមានយូរណាស់ហើយ៕