(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បាននិយាយថា រដ្ឋបាលរបស់លោកនឹងមិនលក់ យន្តហោះចម្បាំង F-35 ទៅឲ្យទីក្រុងអង់ការ៉ាឡើយ បន្ទាប់ពីប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ទើបតែ ត្រូវបានប្រគល់ទៅដល់ដៃតួកគី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩។
នៅក្នុងសេតវិមាន លោក ដូណាល់ ត្រាំ បានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាន ដែលមានវត្តមាននៅទីនោះថា លោកសូមប្រាប់តួកគីឲ្យច្បាស់ គឺរដ្ឋបាលលោកនឹងមិនលក់យន្តហោះចម្បាំង F-35 ឲ្យទៅតួកគីដាច់ខាត។ បន្ថែមពីនេះ រដ្ឋមន្រ្តីការពារជាតិស្តីទីអាមេរិក លោក ម៉ាក អ៊ែស្ពើ (Mark Esper) ក៏បានបញ្ជាក់ដដែលជាដដែលផងដែរថា តួកគីអាចជ្រើសរើសសព្វាវុធបានតែមួយមុខគត់ គឺយក S-400 ឬមួយក៏ F-35 តែមិនអាចក្រសោបយកទាំងពីរឡើយ។
កន្លងមកទីក្រុងវ៉ាស៊ីនតោន បានទទូចមិនចង់ឲ្យទីក្រុងអង់ការ៉ាទិញ S-400 ពីរុស្ស៊ី ដោយសារតែការព្រួយបារម្ភថា ប្រព័ន្ធមីស៊ីលការពារដែនអាកាសនេះ នឹងបង្កហានិភ័យដល់ព័ត៌មានសម្ងាត់ នៅពីក្រោយបច្ចេកវិទ្យាយន្តហោះចម្បាំង F-35 ប្រសិនបើតួកគីមានសព្វាវុធទាំងពីរនៅក្នុងដៃ។
ដើម្បីរារាំងរឿងនេះ អាមេរិកបានព្រមានដកទីក្រុងអង់ការ៉ាចេញពីកម្មវិធី F-35 ដែលតួកគីបានខិតខំចំណាយលុយអស់ខ្ទង់ពាន់ លានដុល្លាររួចស្រេចដើម្បីចូលរួមអភិវឌ្ឍន៍ ហើយគ្រោងនឹងទិញយកទៅប្រើ ហើយលើសពីនេះទីក្រុងវ៉ាស៊ីនតោនក៏បានគំរាម ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើតួកគីថែមទៀត។
យ៉ាងណាមិញ តួកគីមិនបានចុះញ៉មនឹងការគំរាមកំហែងទាំងនេះឡើយ ហើយទីបំផុតកាលពីថ្ងៃសុក្រសប្តាហ៍មុន តួកគីបានចាប់ផ្តើមទទួលយកគ្រឿងបរិក្ខា នៃប្រព័ន្ធមីស៊ីល S-400។ ក្នុងឱកាសនៃការទទួលយកនេះ ប្រធានាធិបតីតួកគីលោក អឺដូហ្គាន់ បានបង្ហាញក្តីរំពឹងថា លោក ត្រាំ អាចនឹងជួយរកមធ្យោយបាយស្រាយ ឬក៏លើកលែងការដាក់ទណ្ឌកម្មលើតួកគី ប៉ុន្តែឥឡូវវាហាក់មិនដូចការរំពឹងទុករបស់លោកឡើយ៕