(អឺរ៉ុប)៖ លោកស្រី Ursula von der Leyen បានជាប់ឆ្នោតជាប្រធានគណៈកម្មាការ អឺរ៉ុបជាស្ត្រី និងជាជនជាតិអាល្លឺម៉ង់ដំបូងគេបំផុត ដែលនឹងកាន់តំណែងកំពូលនេះ ក្នុងរយៈពេលច្រើនជាង៥០ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩។
នៅក្នុងការបោះឆ្នោតជាសំងាត់មួយនៅល្ងាចថ្ងៃអង្គារ សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) សមាជិកសភាអ៉ឺរ៉ុប បានបោះឆ្នោតគាំទ្រ លោកស្រី von der Leyen ក្នុងសំឡេង គាំទ្រ៣៨៣ ទល់នឹង ៣២៧សំឡេង នៃសមាជិកសភាអឺរ៉ុបសរុប ៧៤៧នាក់ ខណៈ សមាជិកសភាអឺរ៉ុប៤នាក់ផ្សេងទៀត អវត្តមាននៅក្នុងការបោះឆ្នោតនេះ។
គួរជម្រាបថា រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Ursula von der Leyen នឹង ត្រូវឡើងកាន់តំណែងជាប្រធានគណៈកម្មការអឺរ៉ុប ជំនួសលោក Jean-Claude Juncker នៅថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខនេះ៕