(ម៉ានីល)៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានយល់ព្រមអនុម័តហើយលើ ដំណោះស្រាយមួយ ពាក់ព័ន្ធនឹងការបើកការស៊ើបអង្កេតលើសង្រ្គាមគ្រឿងញៀនរបស់ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលបានផ្ដាច់ជីវិតជនសង្ស័យរាប់ពាន់នាក់ ក្នុងរយៈពេលជាង៣ឆ្នាំ មកនេះ។
សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស UN បានបោះឆ្នោតអនុម័តក្នុងសំឡេងគំាទ្រ ១៨ ទល់នឹង ១៤ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លើដំណោះស្រាយមួយស្នើឡើងប្រទេសអ៉ីស្លង់ ខណៈ ប្រទេសចំនួន១៥ បានអនុប្បវាទនៅក្នុងការបោះឆ្នោតនេះ។ តាមរយៈដំណោះស្រាយនេះ ប្រធានសិទ្ធិមនុស្ស UN លោកស្រី Michelle Bachelet បានបង្គាប់ឱ្យមានការរៀបចំ របាយកាណ៍មួយស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសហ្វីលីពីន នៅត្រឹមខែមិថុនា ឆ្នាំ២០២០។
ក្រោយដំណោះស្រាយនេះត្រូវបានអនុម័ត អ្នកនាំពាក្យលោក ឌូតឺតេ បានប្រកាសថាហ្វីលីពីន កំពុងពិចារណាផ្ដាច់ទំនាក់ទំនងការទូតជាមួយនឹងអ៉ីស្លង់ ហើយគេក៏មិនទាន់ដឹងច្បាស់ថាតើ អាជ្ញាធរហ្វីលីពីននឹងផ្ដល់កិច្ចសហការដល់ក្រុមអ្នកជំនាញ UN ឬក៏យ៉ាងណានោះទេ។ ប៉ុន្តែ អ្វីដែលគេដឹងច្បាស់បំផុត នោះគឺមកទល់នឹងពេលលោក ឌូតឺតេ នៅតែមានប្រជាប្រិយភាព ខ្លាំង ក្នុងចំណោមប្រជាជនហ្វីលីពីនភាគច្រើនដដែល។
* ហេតុអ្វីបានជាប្រជាជនហ្វីលីពីនភាគច្រើននៅតែគាំទ្រ លោក ឌូតឺតេ?
ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ មានអាយុ៧៤ឆ្នាំ បានឡើងកាន់អំណាច កាលពីឆ្នាំ២០១៦ ហើយក្នុងឆ្នាំដដែល លោកបានប្រកាសដាក់ចេញសង្រ្គាមប្រឆាំង គ្រឿងញៀន។ សង្រ្គាមនេះបានផ្ដាច់ជនសង្ស័យច្រើនជាង ៥,៣០០នាក់ ខណៈក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិធំៗ ប៉ាន់ប្រមាណថាមានជនសង្ស័យជិត ១២,០០០នាក់ឯណោះ និងច្រើនជាង១៦៤,០០០នាក់ ត្រូវបានចាប់ខ្លួន។
ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការនេះ ទទួលរងការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិ រហូតដល់ មានអង្គការសិទ្ធិមនុស្សខ្លះប្ដឹងលោក ឌូតឺតេ ឡើងតុលាការព្រហ្មទណ្ឌអន្តរជាតិទៀតផង។ ប៉ុន្តែ ប្រជាជនហ្វីលីពីនភាគច្រើននៅតែគាំទ្រ និងពេញចិត្តការដឹកនាំប្រទេសរបស់ រដ្ឋាភិបាលលោក ឌូតឺតេ។
ជាក់ស្ដែង លទ្ធផលស្ទង់មតិចុងក្រោយកាលពីខែឧសភា កន្លងទៅ ធ្វើឡើងដោយអង្គការ Social Weather Stations បានបង្ហាញថាប្រជាជនហ្វីលីពីនជាង៧៩ភាគរយ នៅតែពេញ ចិត្តការដឹកនាំប្រទេសរបស់លោក ឌូតឺតេ។ ប្រជាជនហ្វីលីពីនជាអ្នកគាំទ្រលោក ឌូតឺតេ មើលឃើញលោកជាប្រធានាធិបតីម្នាក់ ហ៊ាននិយាយ ហ៊ានធ្វើ ហើយពាក្យសម្ដីដែលធ្វើឱ្យ ពួកគេចងចាំមិនភ្លេច និងចាប់ផ្ដើមពេញចិត្តរូបលោក នោះគឺការសន្យាបោសសំអាតគ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីន ដើម្បីអនាគតកូនចៅជំនាន់ក្រោយ។
«បើអ្នក (ឧក្រិដ្ឋជនគ្រឿងញៀន) បំផ្លាញប្រទេសរបស់យើង ខ្ញុំនឹងសម្លាប់អ្នក ហើយបើអ្នក បំផ្លាញអនាគតអ្នកជំនាន់របស់យើង ខ្ញុំនឹងសម្លាប់អ្នក...ពួកអ្នកគួរតែនៅឱ្យឆ្ងាយពីគ្រឿងញៀន »។ នេះគឺជាសម្ដីលោក ឌូតឺតេ ថ្លែង នៅពេលប្រកាសសង្រ្គាមប្រឆាំងគ្រឿងញៀនកាលពីឆ្នាំ ២០១៦ ហើយវាក៏ជាសម្ដីទាក់ទាញប្រជាប្រិយភាពយ៉ាងខ្លាំងពីប្រជាជនហ្វីលីពីនផងដែរ។
លោក ឌូតឺតេ បន្ថែមថា បច្ចុប្បន្នសំខាន់ជាងអនាគត ហើយលោកនឹងមិនបណ្ដោយឱ្យ គ្រឿងញៀនបំផ្លាញអនាគតប្រជាជនហ្វីលីពីន ជាដាច់ខាត។ គ្រឿងញៀនគឺជាបញ្ហាដ៏ធំសម្រាប់ហ្វីលីពីន ដូច្នេះហើយ ទើបការលើកឡើងពាក់ព័ន្ធនឹងបញ្ហានេះរបស់លោក ឌូតឺតេ ចាក់ចំក្រអៅបេះដូងរបស់ពួកគេ។ តែយ៉ាងណាក៏ដោយ ក្រុមអង្គការសិទ្ធិមនុស្សបានចាត់ទុក ថាសង្រ្គាមគ្រឿងញៀនជាទង្វើរំលោភលើសិទ្ធិមនុស្សធ្ងន់ធ្ងរមិនអាចអត់ឱនឱ្យបាន ដ្បិតអាជ្ញាធរហ្វីលីពីន បានប្រើប្រាស់អំណាចលើសដែនកំណត់ ក្នុងការបាញ់សម្លាប់ជនសង្ស័យ ដោយមិនឆ្លងកាត់ការកាត់ទោសពីតុលាការជាមុន។
គួរបញ្ជាក់ថា តាមការពិតទៅការបោះឆ្នោតពាក់កណ្ដាលអណត្តិនៅក្នុងប្រទេសហ្វីលីពីន កាលពីខែឧសភាកន្លងទៅ បានបង្ហាញកាន់តែច្បាស់ទៅរួចហើយថា ប្រជាជនហ្វីលីពីន ភាគច្រើននៅតែមានទំនុកចិត្ត និងគាំទ្រលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដោយបេក្ខជនសមាជិក ព្រឹទ្ធសភា និងចៅហ្វាយក្រុង ដែលលោកតែងតាំង បានទទួលជ័យជម្នះនៅក្នុង ការបោះឆ្នោតនេះលើគណបក្សប្រឆាំង៕