(ម៉ានីល)៖ រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក ធីអូដូរ៉ូ ឡក់ស៊ីន (Teodoro Locsin) នាថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសលោកចង់ទិញកាំភ្លើងបាញ់រះដោយស្វ័យប្រវត្តិធុន M-16 ចំនួន ៧៤,០០០ដើមពីសហរដ្ឋអាមេរិក ដើម្បីបង្កើនសមត្ថភាពការពារសន្តិសុខជាតិ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩។
លោក Locsin បានបង្ហើបឲ្យដឹងពីគម្រោងនេះ នៅក្រោយជំនួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការតំបន់ប៉ាស៊ីហ្វិក និងអាស៊ីខាងកើតនៃក្រសួងការបរទេសអាមេរិក គឺលោក ដេវីដ ស្ទីលវែល (David Stilwell) ដែលកំពុងបំពេញដំណើរទស្សនកិច្ចនៅទីក្រុងម៉ានីល ដើម្បីចូលរួមវេទិកាកិច្ចសន្ទនាយុទ្ធសាស្រ្តទ្វេភាគី រវាងអាមេរិក-ហ្វីលីពីនលើកទី ៨។
បើតាមលោកប្រមុខការទូតហ្វីលីពីន ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងប្រើប្រាស់អាវុធទាំងនេះ ដើម្បីប្រឹងប្រែងបញ្ចប់រាល់ការគំរាមកំហែងផ្នែកសន្តិសុខនានា ដែលមានចំពោះប្រទេសហ្វីលីពីន។ លោក Locsin បានបញ្ជាក់ថា ប្រទេសលោកនឹងរង់ចាំថា តើអាមេរិកគិតយ៉ាងណា ចំពោះបំណងទិញកាំភ្លើងរាប់ម៉ឺនដើមនេះ។
គួរជម្រាបថា កាលពីឆ្នាំ២០១៦ លោក ឌូតឺតេ ធ្លាប់បានបង្គាប់ឲ្យកម្លាំងប៉ូលិសជាតិហ្វីលីពីន លុបចោលការទិញកាំភ្លើងបាញ់រះចំនួន ២៦,០០០ដើមពីអាមេរិក ក្រោយលោកបានលឺព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោនបានគំរាមឈប់លក់អាវុធទាំងនោះ ដោយសារតែ បញ្ហាសិទ្ធិមនុស្សនៅប្រទេសហ្វីលីពីន ពោលគឺព្រោះអំពើហិង្សារបស់ប៉ូលិសហ្វីលីពីន ក្នុងយុទ្ធនាការបង្រ្កាបឧក្រិដ្ឋកម្មគ្រឿងញៀនរបស់លោក ឌូតឺតេ៕