(ញូដេលី)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសឥណ្ឌាបានចុះផ្សាយថា ការលេចឥន្ធនៈនៅក្នុងម៉ាស៊ីនគ្រាប់រ៉ុក្កែត គឺជាមូលហេតុចម្បង ដែលឥណ្ឌាបានសម្រេចចិត្តផ្អាក ការចេញដំណើរបេសកកម្មទៅកាន់ឋានព្រះច័ន្ទ តែជិតមួយម៉ោងមុនពេលវាត្រូវបាញ់បង្ហោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩។
កាលពីវេលាទាបភ្លឺថ្ងៃចន្ទម្សិលមិញនេះ ឥណ្ឌាបានប៉ុនប៉ងចេញបេសកកម្មជាលើកទីពីរ ឆ្ពោះទៅកាន់ឋានព្រះច័ន្ទ ក្រោយពីបាន ធ្វើដូច្នោះម្តងរួចមកហើយកាលពីឆ្នាំ២០០៨។ ប៉ុន្តែនៅពេលនាទីរាប់ថយក្រោយសល់តែ ៥៦នាទីទៀតប៉ុណ្ណោះ បេសកកម្មឈ្មោះថា Chandrayaan-2 ឬ Moon Chariot 2 ក៏ត្រូវបានលុបចោលជាបណ្តោះអាសន្ន ហើយអង្គការអវកាសឥណ្ឌា ISRO គ្រាន់តែប្រាប់ថា មានបញ្ហាបច្ចេកទេសប៉ុណ្ណោះ ដោយមិនបានបកស្រាយលម្អិត ឬក៏ផ្តល់កាលបរិច្ឆេទបាញ់ជាថ្មីនោះទេ។
ដោយឡែករំលងបានមួយថ្ងៃ នៅថ្ងៃអង្គារនេះសារព័ត៌មានឥណ្ឌា Times of India ក៏ចុះផ្សាយថា បើតាមប្រភពខ្លួនទទួលបានពីអ្នកវិទ្យាសាស្រ្ត ជាន់ខ្ពស់ម្នាក់នៃបេសកកម្មខាងលើ គឺកំឡុងពេលរៀបនឹងបាញ់បង្ហោះ គេរកឃើញការលេចឥន្ធនៈអេល្យូមនៅក្នុងម៉ាស៊ីនគ្រាប់រ៉ុក្កែត GSLV-MkIII។ សារព័ត៌មានដដែលបានបន្តទៀតថា ខណៈនេះអ្នកវិទ្យាសាស្រ្តឥណ្ឌា កំពុងដុតដៃដុតជើងដោះស្រាយបញ្ហាឲ្យទាន់ពេល ដើម្បីអាចចេញបេសកកម្ម Chandrayaan-2 ឲ្យបានក្នុងខែកក្កដានេះ ព្រោះថាបើមិនដូច្នោះអាចនឹងត្រូវរង់ចាំរាប់ខែ ទៀត។
បេសកកម្ម Chandrayaan-2 មានទំហំអភិវឌ្ឍន៍ចំនួនជិត ១៥០លានដុល្លារ ក្នុងនោះមានយានសរុប ០៣គ្រឿង។ មួយគ្រឿងជាយានប្រភេទផ្កាយរណប Orbiter និងមួយជាយានប្រភេទសម្រាប់ចុះចតនៅមួយកន្លែង (Lander) ឈ្មោះ Vikram ហើយយាន Lander នេះក៏មានផ្ទុកយានតូចមួយទៀតប្រភេទ Rover ដែលអាចចល័តបានលើផ្ទៃព្រះច័ន្ទផងដែរ មានឈ្មោះថា Pragyan។
គួរជម្រាបថា ម្សិលមិញនេះតាមពិតត្រូវក្លាយជាបេសកកម្មទី ៣ ដែលមានគោលដៅឆ្ពោះទៅកាន់ឋានព្រះច័ន្ទ ក្នុងឆ្នាំ២០១៩នេះ គឺបន្ទាប់ពីបេសកកម្ម Chang'e-4 របស់ប្រទេសចិន កាលពីខែមករា ដើមឆ្នាំ និងបេសកកម្ម Beresheet របស់ប្រទេសអ៊ីស្រាអែល កាលពីខែមេសា។ ខណៈ Chang'e-4 របស់ចិន បានចុះចតដោយជោគជ័យ Beresheet បានទទួលបរាជ័យ ដោយត្រូវធ្លាក់ខ្ទេច នៅលើផ្ទៃព្រះច័ន្ទ កំឡុងពេលព្យាយាមចុះចត។
មកទល់ពេលនេះ មានប្រទេសតែ០៣ធំៗនៅលើពិភពលោកប៉ុណ្ណោះ ដែលមានយានចុះទៅដល់លើផ្ទៃព្រះច័ន្ទដោយជោគជ័យ ក្នុងនោះគឺអតីតសហភាពសូវៀត (រុស្ស៊ី) សហរដ្ឋអាមេរិក និងចិន។ រីឯឥណ្ឌាពេលនេះកំពុងប្រឹងប្រែងឲ្យក្លាយជាប្រទេសទី ៤ ។ បេសកកម្ម Chandrayaan-1 កាលពីឆ្នាំ២០០៨ ឥណ្ឌាគ្រាន់តែបញ្ជូនយាន ប្រភេទផ្កាយរណបឲ្យទៅសិក្សាព្រះច័ន្ទ នៅជុំវិញគន្លងគោចរប៉ុណ្ណោះ៕