(នូវែលសេឡង់)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) នៅថ្ងៃអង្គារនេះបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការអត្ថាធិប្បាយបែប រើសអើងពូជសាសន៍របស់លោក ដូណាល់ ត្រាំ ប្រឆាំងតំណាងរាស្ត្រជាស្រី្តមកពី គណបក្សប្រជាធិបតតេយ្យ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩។
ការបង្ហាញការមិនពេញចិត្តរបស់លោកស្រី Jacinda Ardern ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី ថេរ៉ាសា ម៉ាយ (Theresa May) និងនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) ចេញមុខថ្កោលទោសការលើកឡើងនៅលើ Twitter របស់លោក ដូណាល់ ត្រាំ ខណៈសាធារណមតិទូទាំងអាមេរិក ក៏កំពុងតែបញ្ចេញប្រតិកម្មខ្លាំងផងដែរ។
ជុំវិញបញ្ហាខាងលើនេះ លោកស្រី Ardern បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍ ជាមួយវិទ្យុ នូវែលសេឡង់យ៉ាងដូច្នេះថា «ជាធម្មតា ខ្ញុំមិនដែលលូកដៃចូលកិច្ចការនយោបាយ របស់អ្នកដទៃឡើយ ប៉ុន្តែលើកនេះគឺវាជារឿងមិនអាចទទួលយកបាន ហើយខ្ញុំជំទាស់ចំពោះការលើកឡើង របស់គាត់ (លោក ត្រាំ)... ហើយគាត់មិនគួរវិនិច្ឆ័យលើមនុស្សណាម្នាក់ ដោយគ្រាន់តែផ្អែកដើមកំណើតរបស់គេនោះដែរ»។
គួរជម្រាបថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានគេចោទថា «ជាមនុស្សរើស អើងពូជសាសន៍» ក្រោយពីបានសរសេរសារមួយនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ដោយបានវាយប្រហារមកលើសមាជិកសភាមួយក្រុម មកពីគណបក្សប្រជាធិបតេយ្យដែល កំពុងមានភាពចម្រូងចម្រាសជាមួយលោក ពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍។
សម្តីរបស់លោក ដូណាល់ ត្រាំ ដែលកំពុងបង្កប្រតិកម្មធ្ងន់ៗពីសាធារណមតិនោះគឺ «...បើខ្លាំងណាស់ហេតុអ្វីបានជាពួកគេ មិនព្រមត្រឡប់ទៅប្រទេសដើមរបស់គេវិញទៅ ហើយជួយដោះស្រាយបញ្ហា ដែលកំពុងដែរញាំញីនៅឯណោះមើលហើយបើបាន ដោះស្រាយរួចហើយ ចាំត្រលប់មកវិញប្រាប់ពួកយើងផងថាត្រូវធ្វើយ៉ាងមេច!...»។
ប៉ុន្តែនៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ត្រាំ នៅតែការពារការអះអាងរបស់លោកដោយគូសបញ្ជាក់ យ៉ាងដូច្នេះថា «បើសិនជាពួកអ្នកមិនចូលចិត្តទីនេះ (សហរដ្ឋអាមេរិក) អ្នកអាចចាកចេញបាន... ហើយនេះគឺក្ដីស្រឡាញ់សម្រាប់អាមេរិក, មនុស្សខ្លះស្អប់ប្រទេសរបស់យើង»។
ម្យ៉ាងវិញទៀតបើទោះបីជាលោក ដូណាល់ ត្រាំ មិនបានបង្ហើបឈ្មោះឲ្យដឹងក៏គេអាចដឹង បានដែរថា គឺសំដៅទៅក្រុមសមាជិកសភា ០៤រូប គឺលោកស្រី អាហ្សង់ឌ្រា អូកាស៊ីយ៉ូ (Alexandria Ocasio-Cortez) មកពីរដ្ឋញូវយ៉ក, លោកស្រី អ៊ីលហាន អូម៉ារ (Ilhan Omar) មកពីរដ្ឋមីនីសូតា, លោកស្រី អាយ៉ានណា ប្រ៊ែសស្លេយ (Ayanna Pressley) មកពីរដ្ឋ ម៉ាសាឈូសេត និង រ៉ាស៊ីដា ថ្លេប (Rashida Tlaib) មកពីរដ្ឋមីឈីហ្គេន (Michigan)៕