(បាលី)៖ គ្រោះរញ្ជួយដីនៅក្រោមបាតសមុទ្រកម្រិត ៦.១រ៉ិចទ័រ បានកើតឡើងនៅឯកោះបាលី នៃភាគខាងត្បូងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអង្គារនេះ ជាមួយជម្រៅរញ្ជួយ១០០គីឡូម៉ែត្រ។ នេះបើតាមទីភ្នាក់ឃ្លាំមើលគ្រោះរញ្ជួយដីអឺរ៉ុប EMSC ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩។
យោងតាម EMSC គ្រោះរញ្ជួយដីនេះមានចំណុចរញ្ជួយស្ថិតនៅចំងាយ១០២គីឡូម៉ែត្រ ពីភាគនិរតីទីក្រុង Denpasar នៃកោះបាលី។ ប៉ុន្តែ ភ្លាមៗ មិនទាន់មានសេចក្ដីរាយការពី ជនរងគ្រោះ ឬការខូចខាត ព្រមទាំងការប្រកាសអាសន្នពីរលកយក្សស៊ូណាមិនៅឡើយទេ។
គ្រោះរញ្ជួយដីនៅថ្ងៃអង្គារនេះ កើតមានឡើងបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧.៣រ៉ិចទ័រ វាយប្រហារលើកោះ Maluku ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ ដោយបាន ផ្ដាច់ជីវិតមនុស្ស២នាក់ និងរាប់រយនាក់ទៀតត្រូវបានជម្លៀសទៅរកកន្លែងមានសុវត្ថិភាព៕