(គូឡាឡាំពួរ)៖ ពាក់ព័ន្ធសំណុំរឿងពុករលួយរបស់អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ដែលកំពុងបន្តប្រព្រឹត្តទៅ ធនាគារម៉ាឡេស៊ី Ambank បានបង្ហើបឲ្យដឹងថា កាលពីឆ្នាំ២០១៤ កាតក្រេឌីតចំនួនពីរដែលជាកម្មសិទ្ធិរបស់លោក Razak ត្រូវបានប្រើប្រាស់ដើម្បីទូទាត់ការទិញឥវ៉ាន់ ក្នុងហាងគ្រឿងអលង្ការមួយកន្លែង នៅប្រទេសអ៊ីតាលីអស់ ៨០៣,០០០ដុល្លារ ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩។
ការទូទាត់ថវិកាខាងលើបានប្រព្រឹត្តទៅ នៅហាងលក់គ្រឿងអលង្ការប្រណិតស្វីសឈ្មោះថា ឌែហ្គ្រីសូហ្គោណូ (De Grisogono) នៅអ៊ីតាលី កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤។ ក្នុងនោះការចំណាយជាង ១១០,០០០ដុល្លារ ត្រូវបានទូទាត់តាមរយៈកាតក្រេឌីតប្រភេទ Visa Platinum និងជិត ៧០០,០០០ទៀត ត្រូវបានទូទាត់រយៈរយៈកាតក្រេឌីតប្រភេទ Mastercard Platinum។
ការបង្ហើបឲ្យដឹងពីសំណាក់ធនាគារ Ambank ខាងលើនេះ ត្រូវបានធ្វើឡើងក្រោមផ្នែកមួយនៃការស៊ើបអង្កេតសំណុំរឿងពុករលួយរបស់ លោក Najib ទាក់ទិននឹងលុយចំនួនជាង ១០លានដុល្លារនៃអង្គការ SRC International ដែលជាអតីតអង្គភាពមួយ ស្ថិតនៅក្នុងមូលនិធិរដ្ឋ 1MDB ដែលចោមរោមដោយរឿងអាស្រូវពុករលួយ។
គួរជម្រាបថា លោក Najib អាយុ ៦៦ឆ្នាំ កំពុងរងការចោទប្រកាន់ចំនួន ០៧ករណី ក្នុងនោះរួមមានទាំងបទរំលោភលើសេចក្ដីទុកចិត្ត ការលាងលុយកង្វក់ និងអំពើរំលោភលើអំណាចពាក់ព័ន្ធនឹងលុយ ១០.៣លានដុល្លារ ដែលមាននៅក្នុងគណនីធនាគាររបស់ អតីតនាយករដ្ឋមន្ត្រីរូបនេះ។ លោក Najib បានស្ថិតក្រោមការស៊ើបអង្កេត ចាប់តាំងតែពីលោកបានចាញ់ឆ្នោតកាលពីខែឧសភា ឆ្នាំ២០១៩ ហើយបច្ចុប្បន្នសវនាការជំនុំជម្រះក្តីរបស់លោក កំពុងតែបន្តប្រព្រឹត្តទៅ៕